នាយករដ្ឋមន្រ្តីណែនាំឲ្យគ្រប់ស្ថាប័នប្រមូល និងមោឃភាពលិខិតឆ្លងដែនការទូតរបស់ទីប្រឹក្សា និងជំនួយការ ដែល​មិនមានសញ្ជាតិខ្មែរពីកំណើត

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថៃ្ងពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូត ដោយ​តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធិភាព និងប្រកបដោយស្មារតីទទួល​ខុស​ត្រូវខ្ពស់ ។ ការណែនាំរបស់នាយករដ្ឋមន្ត្រី ក្រោយរាជរដ្ឋាភិបាលសង្កេតឃើញថា ឥស្សរជន និងក្រសួង ស្ថាប័ន​មួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ ។ ក្នុងចំណោម​បុគ្គល​ទាំងនោះ មានខ្លះបានចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូត​នៃព្រះរាជា​ណា​ចក្រកម្ពុជា ។

រាជរដ្ឋាភិបាលសង្កេតឃើញទៀតថា ចំពោះឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួនខាងលើនេះ មិនចាំបាច់ប្រើ​ប្រាស់​លិខិតឆ្លងដែនការទូតក្នុងករណីបែបនេះ និងដើម្បីទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូត​មិនត្រឹមត្រូវ​ទៅ​តាម​បេសកម្ម ស្របតាមអនុក្រឹត្យលេខ២០២ អនក្រ.បក.ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការផ្តល់និងការ​ប្រើ​ប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាលសម្រេចធ្វើការណែនាំបន្ថែម អំពីបែបបទ​នៃ​ការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូតដូចក្រោម ៖

១-លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការ ដែលគ្មានសញ្ជាតិខ្មែរ ពីកំណើតរបស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិ បាលយល់ថាចាំបាច់បំផុត ។

២-រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូត ដែលក្រសួង ស្ថាប័ននោះបានស្នើសុំជូន ទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយៈពេល១ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខា លើសារាចរនេះ ។

៣-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គល ដែលគ្មានសញ្ជាតិខ្មែរពីកំណើត ។

៤-ក្រសួងមហាផ្ទៃ មានភារកិច្ច សហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតទាំងនោះ សម្រាប់ការ ចេញ-ចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print