ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់មេការជនជាតិចិននៃមន្ទីរពេទ្យវ៊ិចតូរៀ ពីបទបង្ខាំងមនុស្សខុសច្បាប់និងបទកំហែងយក ពាក់ព័ន្ធការចាប់បង្ខាំងស្ត្រីម្នាក់និងកូនស្រី ដោយសារគ្មានប្រាក់បង់ថ្លៃសេវាវះកាត់ ។
ប្រភពដដែល បន្តថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនតែម្នាក់ប៉ុណ្ណោះ ពោលគឺលោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យវ៊ិចតូរៀ ពុំមានការឃាត់ខ្លួនទេ ។
ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។
បញ្ហានេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេងក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ ៕
ដោយ៖ ចេស្តា