ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក្រោយបុរសម្នាក់បានស្លាប់ក្នុងស្រះទឹកដីរបស់ឪពុកម្តាយក្មេក ដោយសារត្រូវចរន្តអគ្គិសនីឆក់ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុង ភូមិត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា សព ឈ្មោះ អ៊ុក ភិរម្យ អាយុ២៨ឆ្នាំ រស់មានទីលំនៅភូមិបុស ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានប្រពន្ធទើបសម្រាលកូនរួចបានជិត១០ថ្ងៃប៉ុណ្ណោះ ។
ក្រុមគ្រួសាររៀបរាប់ថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ(សព) និងបងប្អូនសាច់ញាតិបាននាំគ្នាបូម ទឹកស្រះ ដើម្បីយកត្រីធ្វើម្ហូបទុកថ្ងៃចូលរោងការបងថ្លៃស្រី ។ សាច់ញាតិបន្តថា ក្រោយពីបូមទឹកចេញពីស្រះរីង អស់ហើយនោះ ក៏នាំគ្នាចុះចាប់ត្រី ហើយគេនាំគ្នាឡើងលើគោក នៅសល់តែជនរងគ្រោះរាយខ្សែភ្លើង ដើម្បីឆក់ ត្រីបន្ត ដោយមានអ្នកឈរមើល និងឈរចាំទទួលត្រី តែមិននឹកស្មានថា ជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់នោះទេ ។
ក្រុមគ្រួសាររៀបរាប់ទៀតថា លុះឃើញជនរងគ្រោះដួលផ្កាប់មុខចូលភក់ ទើបដឹងថា ត្រូវចរន្តអគ្គិសនីឆក់ ប៉ុន្តែ អ្វីៗបានហួសពេលទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដើម្បីពិនិត្យកោសលវិច័យលើសាកសព រួចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន