ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា ខណៈពេលអ្នកលេងកំពុងជល់សាក ព្រមទាំងឃាត់ខ្លួនមនុស្ស៧នាក់ ម៉ូតូ៦គ្រឿង និងរថយន្តដឹកទឹកមួយគ្រឿង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រជាពលរដ្ឋ និងអ្នកញៀនល្បែងបញ្ជល់មាន់មកឈរមើលមាន់ជល់យ៉ាងត្រៀបត្រា ព្រមទាំងមានការរៀបចំសែនព្រេន ឲ្យចំណីមាន់ អុចធូប បម្រុងជល់ទៅហើយ ស្រាប់តែឃើញសមត្ថកិច្ចអាវុធហត្ថស្រុកជាច្រើននាក់ ចុះទៅដល់កន្លែង ពេលនោះទាំងអ្នកមើល និងអ្នកញៀនល្បែងជល់មាន់ បានរត់ចែកជើងគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង ដោយអ្នកខ្លះភ័យខ្លាំងពេកលោតទម្លាក់ទឹកស្រះ, ខ្លះរត់បុកបង្គោលរបងរហូតដល់សន្លប់ ,ខ្លះទៀតរត់បុកគ្នាដួលរងរបួស និងខ្លះទៀតរត់ឲ្យរួចតែខ្លួន ដោយភ្លេចម៉ូតូ ដើម្បីកុំឲ្យសមត្ថកិច្ចចាប់បាន ។
ប្រភពព័ត៌មានបន្តទៀតថា ទីតាំងជល់មាន់ខាងលើនេះធ្លាប់ឃើញប្រជាពលរដ្ឋនាំគ្នាទៅលេងល្បែងបញ្ជល់មាន់ ជាច្រើនដងរហូតដល់ដុះស្លែរ ដោយមានទាំងមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលីសមួយចំនួនក៏ចូលទៅលេងទីនោះដែរ។
លោក ស៊ិន តាំ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្នុងករណីបង្ក្រាប់ល្បែងបញ្ជល់មាន់ខាងលើនេះ ខាងសមត្ថកិច្ចជំនាញរបស់លោក បានឃាត់ខ្លួនមនុស្ស៧នាក់ និងរឹបអូសម៉ូតូចំនួន៦គ្រឿង ព្រមទាំងរថយន្តដឹកទឹកលក់មួយគ្រឿង យកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ លោកបន្តថា ជាប់ពាក់ព័ន្ធករណីនេះខាងលោកបានធ្វើកិច្ចសន្យា ដើម្បីយកមកអប់រំ ព្រមទាំងផាកពិន័យបន្តិចបន្តួច រួចបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃដដែល តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន៕
ដោយ៖ វិបុល