ខេត្តកណ្តាល: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនកសាងសំណុំរឿងតាមច្បាប់ក្នុងករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីជាអនីតិជនអាយុ១៤ឆ្នាំ បានសម្រេចចំនួន៣ដង ហើយត្រូវក្រុមគ្រួសារជនរងគ្រោះតាមដានដឹងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅម៉ោង៦ព្រលប់ថ្ងៃអង្គារ ២ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈជនសង្ស័យរូបនេះណាត់ក្មេងស្រីបម្រុង រំលោភសេពសន្ថវៈម្តងទៀត។
មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ស៊ុ រស្មី ហៅយូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបកម្មករ មានទីលំនៅភូមិ-ឃុំ កន្លែងកើតហេតុខាងលើ ជាមួយក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំនេះដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ុ រស្មី ហៅយូ បានសារភាពថា ខ្លួនគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបាន៣ដងប្រាកដមែន លុះលើកទី៤ ណាត់នាងមកជួបដើម្បីរួមភេទ ម្តងទៀត ក៏ត្រូវក្រុមគ្រួសារនាងចាប់បានប្រគល់ឲ្យសមត្ថកិច្ច តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕