ចិនបង្កើនការហោះហើរនៅក្បែរកោះតៃវ៉ាន់

ចែករំលែក៖

ប្រទេសចិន៖ ចាប់តាំងពីប្រធានាធិបតីចិន ស៊ីជីងពីង បានប្រកាស​ ស្នើបង្រួបបង្រួមកោះតៃវ៉ាន់មក កម្លាំងទាហានចិន បានបង្កើនសកម្មភាព នៅក្បែរកោះតៃវ៉ាន់ ដោយមានទាំងការធ្វើសមយុទ្ធ ការយាមល្បាត តាមដាន មកលើកោះតៃវ៉ាន់។ ប្រធានាធិបតីចិន​ កន្លងមកបានប្រកាសថា តៃវ៉ាន់នឹងរងការខាតបង់តែប៉ុណ្ណោះប្រសិនបើ ប្រកាសឯករាជ្យនោះ ។

សារព័ត៌មាន​ Sputnik ​នៅថ្ងៃទី​២៤ខែមករា បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងការពារជាតិ​តៃវ៉ាន់បានឲ្យដឹងថា នាថ្ងៃអង្គារ៍សប្តាហ៍នេះ​យន្តហោះយោធា​ចិន​បានធ្វើការហោះហើរ​​នៅពីលើ​​​ច្រក​​សមុទ្រ បាស៊ី (Bashi Channel) ដែលស្ថិតនៅ​លើផែនសមុទ្រចន្លោះកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។

យន្តហោះយោធា​ចិនទាំងនោះមានដូចជា យន្តហោះ​ចម្បាំងធុន Sukhoi Su-30 និងយន្តហោះ​​ប្រភេទ​​ដឹកជញ្ជូន Shaanxi Y-8 ​ដែលហោះចេញ​ពីភាគខាងត្បូងចិន​ដីគោក ហើយឆ្លងកាត់​ពីលើ​ច្រក​សមុទ្រ Bashi រួច​ក៏បន្ត​​ទៅ​ភាគ​ខាង​លិច​​​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ​កន្លងទៅ។ ជាការ​ឆ្លើយតប យោធាតៃវ៉ាន់​បានបញ្ជូន​យន្តហោះ ​​និងនាវា​ស៊ើប​ការណ៍ ដើម្បីធានា​នូវសុវត្ថិភាពដែនអាកាស​ និងដែនសមុទ្រ​​​របស់កោះតៃវ៉ាន់។
កងទ័ពជើងទឹក និងជើងអាកាស​​ចិន តែងតែបានធ្វើ​សកម្មភាពល្បាត​​នៅក្បែរ​​ៗ​ដែនទឹក​ និងដែនអាកាស​​តៃវ៉ាន់​ ចាប់តាំងតែពី​​​ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលជាអ្នកឯករាជ្យនិយម បានជាប់ឆ្នោតកាលពីឆ្នាំ២០១៦​។ នៅថ្ងៃទី២៤ ខែមករានេះ លោកស្រី Tsai ក៏បានអំពាវនាវ​​ឲ្យ​សហគមន៍​​អន្តរជាតិ​​​ផ្តល់ការគាំទ្រ ​​និងការពារ​លទ្ធិប្រជាធិបតេយ្យ​​នៃ​ដែនដី​កោះ​​​មួយនេះផងដែរ ក្រោយពី​លោកស្រី​បានមើលឃើញថា ប្រទេសចិន​កាន់តែ​បង្កើនសម្ពាធ ដើម្បីកុំឲ្យកោះនេះបង្ហាញចេតនា​ប្រកាសឯករាជ្យ។
កោះតៃវ៉ាន់​គឺត្រឹមតែ​ជាខេត្តស្វយ័តមួយ​របស់ចិន​ប៉ុណ្ណោះ ដែល​ទិដ្ឋភាពនេះ​ត្រូវបានទទួលស្គាល់​ដោយច្បាប់អន្តរជាតិ ហើយដោយសារ​តែការ​ចង់រក្សា​សុខសន្តិភាព​ក្នុងតំបន់ ទើប​ការគ្រប់គ្រង​រដ្ឋបាលដោយខ្លួនឯង​របស់​កោះតៃវ៉ាន់ ពុំ​ត្រូវបាន​ទីក្រុងប៉េកាំង​ចោទជាបញ្ហានោះ​ឡើយ។ ប៉ុន្តែចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន ដែល​ជាមេដឹកនាំមាន​​ចេតនាចង់​ទាមទារ​ឯករាជ្យបានជាប់​ឆ្នោតនោះ ស្ថានការណ៍​ក្នុង​តំបន់បាន​និងកំពុង​ប្រែប្រួលទៅរកភាពអវិជ្ជមាន ខណៈកោះតៃវ៉ាន់​ផ្ទាល់ត្រូវបានគេមើល​ឃើញថា មាន​សហរដ្ឋអាមេរិក​​នៅពីក្រោមចាំ​ជួយ​ជ្រោមជ្រែង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print