ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស និងកម្លាំងប្រជាការពារសង្កាត់ព្រៃស បានសហការបង្ក្រាបជនសង្ស័យប្រុស ស្រី៣នាក់ ក្នុងករណីវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ កាលវេលាម៉ោង ០៨ និង០០នាទី ព្រឹកថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៥ ដែលឃាត់ខ្លួនជនសង្ស័យទាំងនោះបាន នៅម្តុំហាងកាហ្វេមួយកន្លែង នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ នី និត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ទី២ ឈ្មោះ សួង សុខនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរស្រី្តខារ៉ាអូខេ និងទី៣ ឈ្មោះ សិន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដកហូតម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ រីវ៉ូ ពណ៍ខៀវ ពាក់ស្លាកលេខ កណ្តាល 1D-1767 និងសម្ភារៈសម្រាប់ធ្វើសកម្មភាព ម៉ាឡេត ១ ដើម។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ តែងតែប្រើល្បិចដោយអោយស្ត្រីឈ្មោះ សួង សុខនាង ជួលម៉ូតូឌុបជិះ លុះមកដល់កន្លែងស្ងាត់ នាងបានអោយឈប់ម៉ូតូរួចក៏មានបក្ខពួកវាយពីក្រោយខ្នងអ្នកម៉ូតូឌុបនោះ ដោយប្រើម៉ាឡេត ប្លន់យកម៉ូតូបានសម្រេចជាច្រើនដង ។
ប្រភពដដែលបន្តអោយដឹងថា ជនសង្ស័យទាំ ៣នាក់ គឺជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងជាមុខសញ្ញាវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោផងដែរ។
ជនសង្សយទាំង៣នាក់ ក្រោយពីឃាត់ខ្លួននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបាននាំយកកាន់ទៅអធិការដ្ឌាននគរបាលខណ្ឌដង្កោ ដោយសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែមទៀត ៕
ដោយ៖ ភារ៉ា ដង្កោ