ខេត្តត្បូងឃ្មុំ៖ កងកម្លាំងនគរបាល ស្រុកមេមត់ នៅម៉ោង១០យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ បានចុះប្រតិបត្តការ បង្ក្រាបល្បែងស៊ីសង ប្រភេទអាប៉ោង ដែលបានប្រព្រឹត្ត ៤យប់មកហើយ ជ្រកក្នុងកម្មវិធី ការតាំងលក់ផលិតផល ក្នុងផ្សារដារថ្មី ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលទីតាំងលេងល្បែងនេះ ស្ថិតនៅក្បែរប៉ុស្តិ៍ រដ្ឋបាលនគរបាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកមេមត់ បានឲ្យដឹងថា ការលេងល្បែងស៊ីសង នៅចំណុចដូច ខាងលើនោះ ខាងសមត្ថកិច្ច ទើបតែទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋ ហើយក្រោយពីទទួលបានដំណឹងនេះ កម្លាំងនគរបាល របស់អធិការដ្ឋាន បានចុះបង្ក្រាបភ្លាមៗ នៅរាត្រីថ្ងៃទី៦ ខែធ្នូ ។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តការនេះ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនអ្នកលេងល្បែង អាប៉ោងបាន ចំនួន៤នាក់ សុទ្ធតែជាបុរស ដោយមិនទាន់បានដឹង ឈ្មោះ អ្នកទាំង៤នោះ នៅឡើយ។
បច្ចុប្បន្នអ្នកញៀនល្បែងទាំងនេះកំពុងឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីចងក្រងសំណុំរឿងទៅ តាមនិតិវិធី។
គួររំលឹកដែរថា បន្ទាប់ពីសម្ភោធផ្សារដារថ្មី ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋនៅតំបន់នោះ បានរាយការណ៍មកថា មានលេងល្ខោន បាសាក់៤យប់ ជាមួយគ្នានោះល្បែងក៏លេងរាល់យប់ មានប្រភេទអាប៉ោង ខ្លាឃ្លោក និងល្បែងស៊ីសងផ្សេងទៀត គឺលេងក្បែរប៉ុស្តិ៍នគរបាលឃុំដារ គ្មានការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបន្តថា ក្នុងមួយយប់ៗ គេឮសូរតែប្រជាពលរដ្ឋដែលញៀនល្បែងរអ៊ូចាញ់អស់លុយជាច្រើនក្នុងម្នាក់ៗ ផងដែរ ។ ប៉ុន្តែល្បែងស៊ីសងនេះ ត្រូវបានបង្ក្រាបភ្លាមៗពី កម្លាំងនគរបាលស្រុកមេមត់ ដែលសកម្មភាពនេះ ទទួលបានការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់ប្រជាពលរដ្ឋ ៕
ដោយ៖ ហេង សូរិយា