ខេត្តព្រះសីហនុ ៖ វត្តមានត្រីយក្ស (ធំ) មួយក្បាល បានបង្ហាញខ្លួននៅក្នុងសមុទ្រខ្មែរ បានធ្វើឲ្យភ្ញៀវទេសចរ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីពួកគេស្គាស់ច្បាប់ថា ត្រីយក្សនេះ ជាប្រភេទត្រីស្លូត ហើយបានហែលតាមលេងជាមួយនោះ ព្រមទាំងបានថតរូបជាមួយផងដែរ កាលពីវេលាម៉ោងប្រមាណជាង ៤ រសៀលថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស២០១៩ នៅតំបន់កោះកូន ស្ថិតក្នុងសង្កាត់/ក្រុងកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។
បើតាមប្រភពពីសហគមន៍នេសាទ និងប្រជាពលរដ្ឋរកស៊ីដឹកភ្ញៀវទេសចរ មុជមើលផ្កាថ្ម នៅតំបន់នោះ (កោះកូន ចន្លើកោះរ៉ុង និងកោះរ៉ុងសន្លឹម) បានឃើញត្រីយក្សនេះ ដំបូងពួកគេមានការភ្ញាក់ផ្អើលភ័យស្មានថា ត្រីឆ្លាមកំណាច ! ប៉ុន្តែដល់ពេលវា បានបង្ហាញខ្លួនច្បាស់ភ្ញៀវទេសចរបរទេស ដែលជិះទូកមុជទឹកមើលផ្កាថ្ម ស្មៅសមុទ្រនៅទីនោះ ស្គាល់ថាជាត្រីស្លូត គឺត្រីបាឡែន ក៏បានធ្វើឲ្យពួក គេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយខ្លះក៏បានអុំទូក និងខ្លះទៀតបរទូកទៅតាមមើលត្រីនោះ ខ្លះចុះហែលតាម និងថតរូបជាមួយផងដែរ។
ជាមួយគ្នានេះដែរ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះសីហនុ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាសហគមន៍នេសាទនៅតំបន់នោះ គាត់ក៏បានប្រាប់ទៅសហគមន៍ និងប្រជានេសាទទាំងអស់ គឺហាមនេសាទ និងយាយីទៅលើត្រីបាឡែននេះដាច់ខាត ព្រោះវាជាប្រភេទត្រីកម្រ និងស្លូតបូតណាស់ ដែលច្បាប់ហាមឃាត់មិនឲ្យនេសាទ ឬចាប់ឡើយ៕