ប្រទេសអាល្លឺម៉ង់៖ រថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់ ដែលបានដឹកអ្នកដំណើរដល់ទៅជិត៤០០នាក់ ត្រូវបង្ខំចិត្តជម្លៀស ចេញពីរថភ្លើងក្រោយពេលទទួលបានព័ត៌មានពីការវាយប្រហារគ្រាប់បែកនៅលើខ្សែរថភ្លើងខាងលើ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ កម្លាំងប៉ូលិសអាល្លឺម៉ង់ បានជម្លៀសអ្នកដំណើរប្រមាណ៥០០នាក់ ចេញពីរថភ្លើង មួយខ្សែក្រោយទទួលបានព័ត៌មានពីការគំរាមវាយប្រហារគ្រាប់បែក។ជាមួយគ្នានោះកម្លាំងសន្តិសុខក៏បាន បិទស្ថានីយ៍រថភ្លើង មួយចំនួន ក្នុងនោះមាននៅទីក្រុង Frankfurt ដើម្បីត្រួតពិនិត្យ ។
អ្នកដំណើរជិត៥០០នាក់បានជម្លៀសចេញពិរថភ្លើងក្នុងទីក្រុង Frankfurt ដោយសុវត្ថិភាព ។ កម្លាំងប៉ូលិសបានស្ទាក់រថភ្លើងល្បឿនលឿនមួយគ្រឿងធ្វើដំណើរពីទីក្រុង Zurich ប្រទេសស្វិស ទៅកាន់ទីក្រុង Kiel ប្រទេសអាល្លឺម៉ង់ ។ កម្លាំងប៉ូលិសក៏បានឲ្យរថភ្លើងខាងលើឈប់នៅស្ថានីយ Frankfurt Sued ស្ថិតនៅភាគខាងត្បូងទីក្រុង Frankfurt ក្រោយពេលទទួលបានព័ត៌មានស្តីពីការវាយប្រហារគ្រាប់បែក ។
ក្រោយអ្នកដំណើរចុះពីរថភ្លើងដោយសុវត្ថិភាព កម្លាំងសន្តិសុខ បានឡើងលើរថភ្លើងត្រួតពិនិត្យ ដោយរកមិនឃើញវត្ថុអ្វីដែលគួរសង្ស័យនោះឡើយ ។
ការគំរាមកំហែង តាមប្រព័ន្ធទូរស័ព្ទ ពីជនអនាមិក ឬផ្ញើលិខិត ផ្ញើសារ ទោះបីមិនមានការពិត តែកម្លាំងសន្តិសុខ ត្រូវតែត្រួតពិនិត្យស្រាវជ្រាវឲ្យបានច្បាស់ ដើម្បីបញ្ជៀសហេតុការអាក្រក់កើតឡើង ៕
ដោយ៖ មែវ សាធី