ខេត្ដសៀមរាប៖ ក្រុមអាជីវករលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូរ រាប់រយនាក់ ក្នុងចំណោមជាងមួយពាន់តូប បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យអាជ្ញាធរខេត្ដផ្ដល់ទីតាំងលក់ដូរនៅកន្លែងចាស់វិញ។ ក្រុមអាជីវករទាំងនោះ បានធ្វើឡើងនៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៥ នៅខាងមុខសាលាខេត្ដសៀមរាប ។
ក្រុមអាជីវករលក់មាន់អាំងនៅតំបន់អង្គរឃ្យុងយូបានឲ្យដឹងនៅកន្លែងប្រមូលផ្ដុំថា កាលពីថ្ងៃទី២៧ខែវិច្ឆិកាកន្លងមក អាជ្ញាធរខេត្ដសៀមរាប បានឲ្យអាជីវករសម្រាកលក់ដូរចំនួន១០ថ្ងៃ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ដោយសន្យាផ្ដល់ទីតាំងលក់ដូរនៅកន្លែងដើមវិញនៅល្ងាចថ្ងៃទី៦ខែធ្នូនេះ ប៉ុន្ដែបែជាហាមឃាត់ និងឲ្យទៅលក់នៅកន្លែងផ្សេងដែលគ្មានទីតាំងច្បាស់លាស់ទៅវិញ។អាជីករបានបន្ដទៀតថា ពួកគាត់មិនជំទាស់នឹងការផ្លាស់ប្ដូរទីតាំងលក់ដូរទេ ប៉ុន្ដែត្រូវរៀបចំលក់ថ្មីនោះឲ្យបានសមរម្យ និងទាមទារឲ្យមានតូបលក់ដូរទំហ៊ំប៉ុនគ្នា ព្រោះពួកគាត់បានបង់លុយឲ្យអាជ្ញាធររូចរាល់ហើយ ទាំងថ្លៃភាស៊ីអនាម័យសន្ដិសុខជាដើម។
ក្រុមអាជីវករបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ការហាមឃាត់ពួកគាត់មិនឲ្យលក់ដូរទីតាំងចាស់នេះ ដោយគ្មានការជូនដំណឹងជាមុននោះទេ ពោលបណ្ដេញភ្លាម ចេញសេចក្ដីជូនដំណឹងភ្លាម។ពួកគាត់ថា ចំណាត់បែបនេះ ធ្វើឲ្យអាជីវករដែលលក់ចំណីអាហារនៅសល់ទំនិញនិងបណ្ដាលឲ្យខូចគុណភាពសន្ធឹកសន្ធាប់ផងដែរ ព្រោះបាត់បង់អតិថិជន។ពួកគាត់បន្ដថា ចាប់ពី លោក សូ ប្លាតុង ឡើងអភិបាលក្រុងសៀមរាប ពួកគាត់ជួបបញ្ហាលក់ដូរជាបន្ដបន្ទាប់។
ករណីនេះ អភិបាលក្រុងសៀបរាបលោក សូ ប្លាតុង បានប្រាប់អ្នកសារព័ត៌មានថា ការហាមឃាត់មិនឲ្យអាជីករលក់ដូរកន្លែងដើមនោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាសារមន្ទីរកូរ៉េខាងជើង ហើយក៍មិនបានយកលុយកាក់ពីអាជីវករណាដែរ។ លោកបានបន្ដថា អាជ្ញាធរអនុញ្ញាតឲ្យលក់ដូរវិញចាប់រង្វង់មូលជិតសារមន្ទីរសព្វទស្សន៍អង្គរ៣០០ម៉ែត្រ។
បើតាមអាជីវករឲ្យដឹងថា កាលពីថ្ងៃទី២៧ខែវិច្ឆិកាកន្លងទៅថ្មីនេះ អាជ្ញាធរខេត្ដសៀមរាប បានឲ្យក្រុមអាជីវករមួយចំនួនលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ផ្អាកលក់ដូររយៈពេល១០ថ្ងៃ ក្រោមហេតុផលរៀបចំសណ្ដាប់សាធារណៈ ខណៈអាជ្ញាធរជាតិអប្សរាបើកសម្ភោធសារមន្ទីរក៉ូរ៉េខាងជើង កាលពីថ្ងៃសុក្រទី៥ចុងសប្ដាហ៍មុន ៕
ដោយ៖ ជានិរន្ដរ៍