ខេត្តកំពង់ឆ្នាំង៖ កូនក្រមុំដែលត្រៀមនឹងចូលរោងការរយៈពេលខ្លីខាងមុខនោះ បានបាត់ពីផ្ទះ ។ នៅពេលនេះអនាគតស្វាមី ក្រុមគ្រួសារកូនក្រមុំកំពុងតាមរក និង អំពាវអោយសមត្ថកិច្ចជួយស្វែងរកកូនក្រមុំរូបនេះ ។ កូនក្រមុំនេះបានបាត់ខ្លួនតាំងពី វេលាម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ បាត់ពីចំណុចផ្ទះជួល នៅផ្សារទឹកថ្លាជាប់ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កូនក្រមុំដែលបានបាត់ខ្លួនមុនថ្ងៃចូលរោងនេះមានឈ្មោះ ហេង សុធារី អាយុ២១ឆ្នាំ បច្ចុប្បន្នលក់ដូរនៅក្នុងផ្សារទឹកថ្លាជាមួយនិងបងស្រីបង្កើត ក្នុងក្រុងភ្នំពេញ។
ស្ត្រីជាម្តាយបង្កើតរបស់កូនក្រមុំរូបនេះបានប្រាប់ថា គាត់មានទីលំនៅក្នុងភូមិអូរសួស្តី ឃុំបារ៉ាយ ស្រុកបារ៉ាយ ខេត្តកំពង់ធំ រីឯកូនស្រីរបស់គាត់ដែលបាត់ខ្លួនខាងលើនេះនាងជាកូនស្រីទី៦ក្នុងចំណោមកូនរបស់គាត់៧នាក់។ កូនស្រីរបស់គាត់បានបាត់ខ្លួនពីផ្ទះជួល នៅក្នុងផ្សារទឹកថ្លា ក្រុងភ្នំពេញ ។
ស្ត្រីរូបនេះបានប្រាប់ទៀតថា នៅថ្ងៃបាត់ខ្លួន លុះដល់ម៉ោង៥ជាងល្ងាច កូនស្រីគាត់បានកាន់ សម្រាម១ថង់យកទៅដាក់ក្នុងធុងសម្រាមនៅខាងក្រៅ ក៏ស្រាប់តែបាត់នាងរហូតទៅ គាត់និងកូនៗបានព្យាយាមដើររកគ្រប់ច្រកល្ហកហើយនៅតែគ្មានដំណឹង គាត់បារម្ភណាស់ខ្លាចកូនរបស់គាត់ត្រូវគេយកទៅធ្វើបាប ។
ស្ត្រីរូបនេះបានប្រាប់ទៀតថា កូនស្រីរបស់គាត់នឹងចូលរោងការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ហើយអនាគតស្វាមីរបស់នាង ឈ្មោះសែម សុធា មានទីលំនៅក្នុងភូមិអាឡែន ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើការនៅភ្នំពេញ ។ នៅពេលនេះអនាគតស្វាមីរបស់កូនស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់គូដណ្តឹងខ្លួន មិនដឹងថានៅទីណា និង មានសុវត្ថិភាពកម្រិតណា ។
លោកសែម សុធា បានប្រាប់ថា ការបាត់ខ្លូនគូដណ្តឹងរបស់គាត់ដោយគ្មានមូលហេតុនេះ កំពុងមានការសង្ស័យថា ជាការញុះញង់ ឬ គម្រាមកំហែងរបស់ របស់ស្ត្រីម្នាក់ ដែលជាជាងកាត់ដេរនៅផ្សារទឹកថ្លា ក្នុងបំណងបំបែកបំបាក់មិនអោយរូបគាត់បានរៀបការជាមួយគូដណ្តឹងរបស់គាត់ ។
លោក សែម សុធា បានប្រាប់ទៀតថា កន្លងមកស្ត្រីជាងកាត់ដេរនោះ បានលួចស្រលាញ់រូបគាត់ដែរតែគាត់មិនចាប់អារម្មណ៍ រហូតដល់គាត់ត្រៀមខ្លួនចូលរោងការក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ ស្ត្រីជាងដេរនោះបាននិយាយថានឹងរកគ្រប់វិធីដើម្បីរារាំងមិនអោយរូបគាត់និងគូដណ្តឹងបានរៀបការនោះទេ ។ ក្រោយមកក៍បាត់គូដណ្តឹងរបស់គាត់ដោយមិនដឹងមូលហេតុអ្វីទាំងអស់ ហើយការបាត់ខ្លួននេះគឺ គូដណ្តឹងរបស់គាត់មិនបានយកអ្វីទៅជាមួយនោះទេ ។ នៅពេលនេះក្រុមគ្រួសារកូនក្រមុំ និង កូនកម្លោះដែលត្រៀមចូលរោងការនាពេលខាងមុខតាមរយៈសារព័តមានសូមផ្តល់ដំណឹងនេះទៅអាជ្ញាខេត្តរាជធានី និងមូលដ្ឋាននានប្រសិនបើឃើញនាងនៅត្រង់ណាសូមប្រាប់ដំណឹងនេះផង ៕
ដោយ៖ ចន្ថា