អស់លទ្ធភាពព្យាបាល នាយក្តិប សុំពេទ្យថៃវិលមកផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ​៖ ខ្លោចចិត្តអាណិតតារាកំប្លែង នាយក្តិប ត្រូវបានក្រុមគ្រួសារសម្រេចដឹកមកផ្ទះវិញហើយក្រោយពីអស់លទ្ធភាពពោលគឺអស់លុយក្នុងការព្យាបាល។ វិលវិញក្រោយការព្យាបាលជំងឺនៅប្រទេសថៃត្រឹមតែប៉ុន្មានថ្ងៃក្រុមគ្រួសារត្រូវចំណាយអស់ជាង៦ពាន់ដុល្លារអាមេរិក។

នាយក្តិប មានជំងឺច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមថែមទៀត។ បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ចាក់ថា ភរិយាតារាកំប្លែងរូបនេះសម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅខេត្តមួយនៃប្រទេសថៃក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួន កាន់តែដុនដាបទៅៗ។ ដំណឹងដែលគួរឲ្យអាណិតគឺពេលនេះក្រុមគ្រួសារដឹកនាយក្តិបមកទឹកដីមាតុភូមិវិញក្រោយពីការព្យាបាលបានមួយរយៈត្រឹមតែជំងឺសួតធូរស្បើយបន្តិច ខណៈដែលជំងឺបេះដូង និងខួរក្បាលមិនទាន់ធ្វើការវះកាត់។

យោងតាមកូនស្រីរបស់លោក ឈ្មោះស្រីណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ឲ្យដឹងថា ឪពុកនាង​​​​​​​​​​​​​​​​​​​​​​​​ត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញហើយ ។ នាងលើកឡើងថាសូមអោយការវិលត្រឡប់របស់ ឪប្រកបដោយសុវត្តិភាពផងចុះ ឪក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឪឆាប់ជាពីជំងឺណា ឪ ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែ ឪ ហើយឪ ត្រូវតែតស៊ូណាដើម្បីកូនៗនិងម៉ែ។ ឪមិនត្រូវទៅ​​​​​​​​​​​​​​​​​​​ណាទេលឺទេ ។ ពាក្យប៉ុន្មានឃ្លានេះបានធ្វើឲ្យអ្នកស្គាល់ និងបានឃើញខ្លោចចិត្តអាណិតក្រុមគ្រួសារតារាកំប្លែងរូបនេះដែលប្រឹងប្រែងអស់លទ្ធភាពគ្រប់ច្រកល្ហកដើម្បីព្យាបាលជំងឺនាយក្តិប។

ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណាបានបញ្ជាក់ថានាយក្តិបត្រូវវិលមកផ្ទះវិញក្រោយការព្យាបាលមួយរយៈពេលខ្លីនៅខេត្តអ៊ូប៊ុនប្រទេសថៃ។ អ្នកនាងថាគាត់អាចត្រូវការប្រាក់ប្រមាណ១៥០០០ដុល្លារអាមេរិកដើម្បីធ្វើការវះកាត់បេះដូង និងត្បៀតសរសៃឈាមក្នុងខួរក្បាល។ នាងថាគ្រួសារកំពុងទ័លព្រោះទ្រព្យសំខាន់មានតែផ្ទះកំពុងជ្រកតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថានាយក្តិបក៏ធ្លាប់ទទួលបានជំនួយមួយចំនួនពីសប្បុរសជនផងដែរពិសេសសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគ្រាកន្លងមក ប៉ុន្តែក្រោយស្ថានភាពកាន់តែយ៉ាប់យ៉ឺននិងចំណាយលើការព្យាបាលជាច្រើន។

ស្ថានភាពនេះក៏មិនខុសពីតារាកំប្លែងលោកធូ ចំរ៉ុងហៅនាយ សានម៉ៅ ដែលមានជំងឺបេះដូង និងហើមសួតដែលបានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃនេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print