ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ហាមដុតផាវ កាំជ្រួច និងបង្កសំឡេងផ្ទុះគ្រប់ប្រភេទ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ។
ការប្រកាសជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញយោងទៅតាមការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ពោលគឺហាមដុតផាវ កាំជ្រួច និងបង្កអោយមាន សំឡេងផ្ទុះគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ត្រូវរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញសង្កាត់ធ្ងន់ថា ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ ដោយ៖ជាយក្រុង