ខេត្តបន្ទាយមានជ័យ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទៅលើរថយន្តកាមរីពណ៌ស១គ្រឿងកំពុងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅមិនដឹងមូលហេតុខណៈរថយន្តកាមរីពណ៌ស ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខខេត្តកណ្តាល2A2445កំពុងធ្វើដំណើរនៅលើថ្នល់ជាតិលេខ៥ ខាងមុខសាសាខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៥ ។
ក្នុងហេតុការណ៍នោះបើតាមសេចក្តីរាយការណ៍ឱ្យដឹងថាគ្មានអ្នកទទួលរងបួសរឺស្លាប់នោះឡើយ ដោយអ្នកបើករថយន្តក្រោយពីឃើញហេតុបែបននោះភ្លាមបានបើកទ្វាររថយន្តរត់ចេញមកខាងក្រៅទាន់ពេលវេលា។
បើតាមសាក្សីឃើញហេតុការណ៍ប្រាប់ឱ្យដឹងថាមុនពេលកើតហេតុកាមរីខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងកាត់រង្វង់មូលដៃ៣២ ខាងមុខសាលាខេត្តជាធម្មតា ។ លុះបន្ទាប់មកមិនដឹងរថយន្តនោះគើតមានបញ្ហាអ្វីនោះទេ ស្រាប់តែមានផ្សែងហ៊ុយចេញពីផ្នែកខាងក្បាលរថយន្តពេលនោះគេឃើញអ្នកបើករថយន្តដែលគេស្គា់ឈ្មោះ ឡន ឌី អាយុ២៨ឆ្នាំមានទីលំនៅភូមិ/ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានបើកទ្វាររថយន្តរត់ចេញក្រៅរថយន្ត ស្រែកឆោឡោឱ្យគេជួយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើ។បន្ទាប់ពីកើតហេតុភ្លាមគេឃើញរថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យចំនួន២គ្រឿងបានចេញមកជួយអន្តរាគមន៍ ហើយបាញ់ទឹកពន្លត់ មិនឱ្យភ្លើង ទៅរាលដាលឆាបបន្ថែមទៀតនោះឡើយដោយរថយន្តឆេះផ្នែកខាងមុខខូចធ្ងន់ធ្ងរ។
បើតាមការអង្កេតរបស់សមត្ថកិច្ចគឺរថយន្តកាមរីខាងលើប្រើហ្កាស គេសង្ស័យថាអគ្គិភ័យបង្កឱ្យឆាបឆេះរថយន្តនោះទំនងជាការឆ្លងចរន្តភ្លើងប៉ះនិងហ្កាសលិចជ្រាប។
រថយន្តរងការឆាបឆេះនោះបន្ទាប់មកសមត្ថកិច្ចឱ្យម្ចាស់យកទៅរក្សាទុកដោយខ្លួនឯង។សូមបញ្ជាក់ថា មួយរយៈពេលកន្លងទៅថ្មីនេះៗគេសង្កេតឃើញ មានរថយន្តប្រើប្រាស់ឧស្ម័នហ្គាសចំនួន២គ្រឿងរួចមកហើយបានរងការឆាបឆេះជាបន្តបន្ទាប់បណ្តាលឱ្យអ្នកបើកបរ២នាក់ត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្ត ខណៈដែលរថយន្តទាំង២គ្រឿងនោះជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ។ការប្រើប្រាស់រថយន្តហ្គាសនៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាកំពុងតែមានហានិភ័យខ្លាំងឡើងគ្រាដែលអ្នកប្រើប្រាស់រថយន្តហ្កាសបានជួបហេតុការណ៍ដោយអគ្គិភ័យជាបន្តបន្ទាប់នោះ៕
ដោយ៖ សំវិច្ឆិកា