ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណះដែលជិះម៉ូតូវ៉ាជែងជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយប៉ះដៃចង្កូតដួលបោកទៅនិងថ្នល់ត្រូវរថយន្តក្រឡុកស៊ីម៉ង់មកពីក្រោយកិនចំក្បាលធ្លាយខួរកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៥ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេសក្រុងបាវិត។
សមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ យូន ធីន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១C៧៩២៥ ខូចខាតយ៉ាងដំណំ។
រីឯអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចនគបាលឃាត់ខ្លួនមានឈ្មោះ ពៅ ចំរើន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ព័ណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៥A០០២៥ ។
តាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុមានម៉ូតូ២គ្រឿង បើកបរស្របទិសគ្នាពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូជនរងគ្រោះជែងប៉ះនឹងដៃចង្កូតមួយគ្រឿងទៀតក៏ដួលបោកទៅនឹងថ្នល់ ខណៈនោះក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកពីក្រោយស្របទិសគ្នាកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង។
ប្រភពបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចនគបាលក្រុងបាវិតបានចុះមកវាស់វែង ព្រមទាំងឃាត់ខ្លួនអ្នកបើករថយន្តភ្លាមៗបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគបាលក្រុងបាវិតផងដែរ ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕
,
ដោយ៖ យឹម សុថាន