ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅក្នុងឃុំកោះថ្កូវ គឺក្រុមការងាររបស់យើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) សរុបចំនួន ០៤ គ្រឿង ដោយធ្វើការបូមយកទឹកពីទន្លេសាបទម្លាក់ចូលព្រែកល្វា ហើយបូមពីព្រែកល្វា បញ្ជូនបន្តតាមប្រឡាយមេមួយខ្សែ ដើម្បីចែកចាយទៅកាន់តំបន់ទំនប់អាងទឹកខ្លាក្រាប, ទំនប់ថ្មី, ទំនប់ដីក្រហម និងទំនប់អាងទឹកសាមគ្គី ដែលមានផ្ទៃដីស្រូវប្រាំងប្រមាណ ៥៥០ ហិកតា ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ការងារបង្កបង្កើនផលស្រូវប្រាំងនៅតំបន់នេះ យើងជួយអន្តរាគមន៍បូមទឹកសង្គ្រោះតែនៅចុងរដូវប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ដោយសារទឹកទន្លេតូច ហើយទឹកដែលយើងបានបម្រុងទុក មិនអាចបំពេញតម្រូវការជូនបងប្អូនប្រជាកសិករដែលបច្ចប្បន្នបាន និងកំពុងសម្រុកធ្វើការដាំដុះយ៉ាងមមាញឹកតាំងដើមរដូវ ដូចនេះទាមទារឱ្យយើងទាញយកទឹកពីតំបន់ផ្សេងៗមកផ្គត់ផ្គង់បន្ថែម ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ១៤.៥២១ ហិកតា ស្មើនឹងជាង ៥៣ភាគរយ នៃផែនការដែលបានដាក់ចុះ ពោលគឺលឿនជាងឆ្នាំមុនប្រមាណជាង ៥.០០០ ហិកតា ។ ចំណែកការងារបង្កបង្កើនផលស្រូវវស្សាវិញ ប្រជាកសិករ បាន និងកំពុងប្រមូលផលជាបណ្តើរៗ បានចំនួន ១៦.៣២៧ ហិកតា ស្មើនឹងជាង ១៣ ភាគរយ នៃផ្ទៃដីផលិតបាន ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print