ខេមរៈ សិរីមន្ត៖ ប្អូនស្រី​ខ្ញុំ​ឈឺ​ដល់​ស្លាប់ដោយសារការវិនិច្ឆ័យរោគមិនត្រឹមត្រូវរបស់ ​វេជ្ជបណ្ឌិតមន្ទីរពេទ្យឯកជន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង ខេមរៈ សិរីមន្ត បានទម្លាយថា មូលហេតុដំបូងដែលធ្វើឲ្យ​ប្អូនស្រី​របស់​លោក ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់បាត់បង់ជីវិត គឺ​បណ្ដាលមកពីដំបូងឡើយ វេជ្ជបណ្ឌិត​នៅក្នុងមន្ទីរពេទ្យឯកជនម្នាក់ បានធ្វើការវិនិច្ឆ័យរោគ មិនបានត្រឹមត្រូវ រួចក៏បានផ្សំថ្នាំ​ឲ្យនាង​លេបខុសពីជំងឺផ្សំថ្នាំសន្លាក់ឲ្យលេបទើបបណ្ដាលឲ្យប្រតិកម្មថ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ។ នេះបើតាមការថ្លែងឲ្យដឹងរបស់លោក ខេមរៈ សិរីមន្ត នៅក្នុងសន្និសីទសារព័ត៌មាន នៅ ថ្ងៃសៅរ៍ ១៣ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ។
លោក ខេមរៈ សិរីមន្ត បានបន្តទៀតថា មុននឹងទៅដល់ប្រទេសថៃ ឥទ្ធិពលថ្នាំបានជ្រាប​ចូល​ពេញខ្លួន និងបានបំផ្លាញសរីរាង្គក្នុងខ្លួនប្អូនស្រីរបស់លោក មានដូចជា ក្រពះ ពោះវៀន សួត ជាពិសេសក្រលៀន ធ្ងន់ធ្ងរទៅហើយ ដែលធ្វើឲ្យវេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃ ពិបាក​នៅក្នុង​ការព្យាបាល។ អំឡុងពេលទៅព្យាបាល នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំនោះ គ្រួសាររបស់​លោក ​បានចំណាយថវិកា អស់រាប់ម៉ឺនដុល្លារ ​តែស្ថានភាពរបស់ប្អូនស្រី មិនបានធូរស្បើយ​អ្វី​ឡើយ ពោលគឺមានតែធ្ងន់ធ្ងរជាងមុន ព្រោះបញ្ជូនទៅចំទីតាំងពេទ្យ ដែលគ្មានជំនាញច្បាស់​លាស់ទៀត ។ទោះបីជាដឹងថា ប្អូនស្រីមិនបានធូរស្បើយក៏ដោយ ប៉ុន្តែលោកនៅតែលើក​ទឹក​ចិត្ត និងបន្តព្យាបាលប្អូនស្រីជាប់រហូត ទោះបីជាថ្នាំខ្លះថ្លែ គឺក្នុង១ម្ជុលមានតម្លៃរហូតដល់១ម៉ឺន ទៅ២ម៉ឺនដុល្លារ ក៏លោកហ៊ានចំណាយឲ្យពេទ្យដែរ។
​លោកបន្តថាអំឡុងពេលនោះ ចំណូលបានមកពីការងា​សិល្បៈ គឺត្រូវចំណាយជាអាទិភាព​ដំបូង ទុកសម្រាប់តែមើលជំងឺប្អូន​ស្រីពៅប៉ុណ្ណោះ មិនហ៊ានប្រើការខ្ជះខ្ជាយអ្វីឡើយ ពោលគឺ​ពេលពេទ្យត្រូវការលុយពេលណា គឺផ្ញើទៅឲ្យភ្លាមៗតែម្ដង។
​ថ្លែងទាំងទឹកភ្នែកយំអួលដើមកទៀតថា លោកពិតជាស្រណោះខ្លាំងណាស់ នៅពេលដែល​លោក ទៅជួបប្អូននៅក្នុងមន្ទីរពេទ្យម្តងៗ​ ប្អូនស្រីពៅតែងតែប្រាប់ថា ចង់មកច្រៀងវិញ ហើយលោកតែងតែលើកទឹកចិត្ត ដល់រូបនាងថា មិនអីទេ ឲ្យតែប្អូនបានជាសះស្បើយ គឺបងនឹងនាំប្អូនមក ចូលសិល្បៈវិញតាមបំណង។ តែអ្វីដែលរូបលោកកាន់តែអស់សង្ឃឹមនោះ គឺនៅពេលដែលស្ថានភាពជំងឺ របស់ស្រីពៅកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ក្រុមគ្រួសារ​សម្រេច​ចិត្តបញ្ចូនពីមន្ទីរពេទ្យថៃ ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា ហើយពេលទៅដល់ដំបូង លោកគិតថា អ្វីៗនឹងអាចប្រសើរឡើង ប៉ុន្តែទីបំផុត គឺមិនអាចដូចបំណងឡើង។
ទោះបីជាប្អូនស្រីរបស់លោក បានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុតទៅហើយក្តី ប៉ុន្តែអ្វីដែលលោកចង់ផ្តាំផ្ញើ​ គឺលោក​ចង់និយាយផ្តោតសំខាន់ទៅដល់វេជ្ជបណ្ឌិតមួយចំនួន ដែលបានផ្សំថ្នាំ ឬក៏ព្យាបាលអ្នកជំងឺ ត្រូវពិនិត្យ និងរកមើលរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកុំយកជីវិតអ្នកជំងឺ មកធ្វើជាការលេងសើច​ ព្រោះថ្នាំ ឬឱសថអាចបំផ្លាញជីវិតមនុស្ស ដោយមិនដឹងខ្លួន។ ចំណែកឯ បងប្អូនប្រជាពលរដ្ឋវិញ ប្រសិនបើអាចជៀសវាងបាន​ ចំពោះការផ្សំថ្នាំលេប ពេលមានជំងឺតិចតួច ក៏ជៀសទៅ ដើម្បីកុំឲ្យស្ថានភាពធ្លាក់ដុនដាប ដូចជាប្អូនស្រីរបស់លោក នៅពេលនេះ។
ជាការពិតណាស់ ការទម្លាយនូវអាថ៌កំបាំងជំងឺរបស់ប្អូនស្រីលោក រយៈពេល៤ឆ្នាំមកនេះ គឺលោកចង់បញ្ជាក់ឲ្យមហាជនទូទៅ ដឹងច្បាស់ថា រាល់ព័ត៌មាន ឬពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមក គឺពុំមែនជាការពិតនោះទេ ហើយការទម្លាយនេះ ក៏ជាការបញ្ចប់ នូវមន្ទិលសង្ស័យជាច្រើន ដែលតែងតែគិតថា ក្រុមគ្រួសារលោក មានអាថ៌កំបាំងអ្វីមួយ នៅពីក្រោយនឹងជំងឺ​បស់ ខេមរៈ ស្រីពៅ រហូតដល់នាងបាត់បង់ជីវិត។
យ៉ាងណាលោកខេមរៈ សិរីមន្ត មិនបានទម្លាយឲ្យដឹងថា តើវេជ្ជបណ្ឌិតមន្ទីរពេទ្យឯកជនមួយ ណាដែលបានធ្វើការវិនិច្ឆ័យរោគ មិនបានត្រឹមត្រូវ រហូតធ្វើឲ្យប្អូនស្រីពៅរបស់លោកមាន​សភាពជំងឺកាន់តែធ្ងន់ធ្ងរ ។ គេក៏នៅមិនទាន់ដឹងដែរថា តារាចម្រៀងរូបនេះ មានគម្រោងប្តឹង វេជ្ជបណ្ឌិតមន្ទីរពេទ្យឯកជន រូបនោះដែរឬយ៉ាងណានោះទេ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print