ភ្នំពេញ: កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញវាយកញ្ចក់រថយន្តឈ្នួលបែក បន្ទាប់ពីរថយន្តបានឈប់ទម្លាក់ម៉ូយ នៅកន្លែងហាមឃាត់ ហើយបើកប៉ះម៉ូតូរបស់គាត់ បណ្តាលដួល រួចម្ចាស់រថយន្តទារសំណង១០០ដុល្លារ សម្រាប់ថ្លៃជួសជុលការខូចខាតបញ្ចប់រឿង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោងជាង២រសៀលនៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅម្តុំរង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
រថយន្តដែលបែកកញ្ចក់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-0560 អ្នកបើករថយន្តមាន ឈ្មោះ សៅ សុខហេង អាយុ៣១ឆ្នាំ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកមន្ត្រីសណ្តាប់ធ្នាក់ខណ្ឌខាងលើ មិនត្រូវបានស្គាល់ឈ្មោះឡើយ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរចុះពីស្ពានជ្រោយ ចង្វាមកដល់ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ថន:តេលា ម្តុំកួចកាណុង ដែលជាកន្លែងកើតហេតុ បានដាក់ភ្ញៀវចុះ ក៏ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ បានមកហាម និងហៅទៅអប់រំនៅកន្លែង តែអ្នកបើករថយន្តមិនព្រមទៅតាម បានបើកបន្តទៅទៀត ក៏ជ្រុលទៅប៉ះម៉ូតូរបស់កម្លាំងសណ្តាប់ធ្នាប់ ទើបត្រូវបានម្ចាស់ម៉ូតូយកអាយឌីវាយកញ្ចក់រថយន្តបែក ខណ:នោះតៃកុង បានបើករថយន្តចេញពីកន្លែងកើតហេតុព្រោះឃើញកម្លាំងច្រើន។
បន្ទាប់ពីភាគីតៃកុងរថយន្តធ្វើកិច្ចសន្យារួចមក លោកប្រធានសណ្ដាប់ធ្នាប់ បានប្រគល់លុយ១០០ដុល្លារជំនួសកូនចៅ ដើម្បីឲ្យទិញ ឬជួសកញ្ចក់រថយន្ត ទៅតាមការទាមទាររបស់ម្ចាស់រថយន្តសាំងយ៉ុង ។
ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរបានលើកឡើងថា កំលាំងប្រជាការពារខណ្ឌដូនពេញតែងតែប្រើអំណាចរបស់ខ្លួនមកលើប្រជាពលរដ្ឋស្លូតត្រង់ សូមលើអភិបាលខណ្ឌជួយពិនិត្យទៅលើកំលាំងប្រជាការពារនេះផង កុំឲ្យប្រើអំណាជ្រុលហួសហេតុពេក៕ ជ្រោយពេជ្រ