ភ្នំពេញ : ក្មេងស្ទាវមួយក្រុម ដេញកាប់យុវជន៣នាក់ បើកម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនម្នាក់ ដាច់សរសៃដៃទាំងពីរ ដេកដួលលើផ្លូវ និង២នាក់ រងរបួសរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅផ្លូវលេខ៦១៤ផ្ទះសំណាក់ស្រែលាភ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda ICON ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1AR-5338 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ចូលមកដល់ចំណុចកើតហេតុ ក៏បានជួបក្រុមក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាច្រើននាក់ជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយកាំបិត និងដាវសាម៉ូរ៉ៃ ហើយមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែនាំគ្នាដេញកាប់យុវជនទាំង៣នាក់នោះ ហើយយុវជនទាំង៣នាក់ ក៏បានស្រែកសួរថា មានរឿងអីបង? ហើយបន្តិចក្រោយមកបានលឺសំឡេងស្រែកថា “បងប្អូនអើយជួយខ្ញុំផង គេកាប់ខ្ញុំហើយ ជួយខ្ញុំផង” ហើយក៏ស្ងាត់ទៅវិញ។
ប្រភពបន្តថា ហើយក៏លឺសំឡេងក្រុមក្មេងស្ទាវទាំងនោះ ស្រែកថា “ពួកហ៊ែងតាមវា អាពីរនាក់នោះរត់ទៅតាមនោះហើយ” ហើយក៏លឺសំឡេងម៉ូតូជាច្រើនគ្រឿង និងសំឡេងជើងមនុស្សរត់ជាច្រើននាក់ ដេញតាមកាប់យុវជន២នាក់ កំពុងនាំគ្នារត់ដោយមិនដឹងថា កាប់ត្រូវកន្លែងណាខ្លះ ព្រោះពេលក្រុមក្មេងស្ទាវទាំងនោះ នាំគ្នាជិះម៉ូតូចេញទៅវិញអស់ មានអ្នកភូមិចេញមកមើលឃើញ មានឈាមដាបនៅក្បែរម៉ូតូជនរងគ្រោះ ចំណែកឯយុវជនម្នាក់ទៀត រងរបួសធ្ងន់ ត្រូវដៃទាំងសងខាង ដេកស្ដូកស្ដឹង ទើបអ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់ អោយមកយកជនរងគ្រោះទៅសង្គ្រោះសិន។
យុវជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន “ហុងហាក់” ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ សាកសួរប្រជាពលរដ្ឋ និងធ្វើកំណត់ហេតុទុក រួចយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីរង់ចាំភាគីខាងរងគ្រោះ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ រួចប្រគល់ជូនវិញ និងរង់ចាំអោយភាគីរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវ រកបក្ខពួកក្រុមជនដៃដល់ទាំងនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ