ទីក្រុងហាណូយ៖ បច្ចុប្បន្នប្រទេសតំបន់អាស៊ានបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាក់នយោបាយ និងសេដ្ឋកិច្ចពិភពលោក ។ប្រទេសតំបន់អាស៊ានបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងមានការសាមគ្គីគ្នាយ៉ាងស្អិតរមួតទៀតផង ។ មិនតែប៉ុណ្ណោះ អាស៊ានមានសន្តិសុខ រឹងមាំ ជាងប្រទេសនានា ទើបក្លាយជាគោលដៅសម្រាប់រៀបចំជំនួបកំពូល ថ្នាក់អន្តរជាតិ។
តើវៀតណាមមានអ្វីពិសេស បានជា អាមេរិក ជ្រើសរើសសម្រាប់ជំនួបកំពូល ជាមួយកូរ៉េខាងជើង? សារព័ត៌មាន Washington Post បានផ្សាយថា៖ ការដែលប្រធានាធិបតីអាមេរិកសម្រេចជ្រើសរើស ប្រទេសតំបន់អាស៊ាន សម្រាប់ជំនួបជាមួយកូរ៉េខាងជើង នៅថ្ងៃទី២៧-២៨ខែកុម្ភៈខាងមុខនេះ បានបង្ហាញយ៉ាងច្បាស់ថា តំបន់អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំង ហើយពិភពលោកបានផ្លាស់ប្តូរទស្សនៈមកលើអាស៊ាន។
វៀតណាមបានប្រែក្លាយ ពីសត្រូវរបស់អាមេរិក មកជាមិត្តយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ និងការអភិវឌ្ឍន៍ ។ ការជ្រើសរើសវៀតណាមគឺជាសារសំខាន់មួយដល់មេដឹកនាំកូរ៉េខាងជើង គឺម ជុងអ៊ុន ឲ្យដើរតាមវៀតណាម ។
ក្រៅពីនេះសារព័ត៌មាន Time បានផ្សាយថា ៖វៀតណាមមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង តាំងពីឆ្នាំ១៩៥០ មកទល់ពេលនេះ ហើយវៀតណាមក៏បានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិកនៅឆ្នាំ១៩៩៥ ។ វៀតណាមមានស្ថានទូតទាំងនៅក្នុងទឹកដីអាមេរិក និងកូរ៉េខាងជើង ដោយវៀតណាមមានគោលនយោបាយមិនលំអៀងទៅលើប្រទេសណាមួយឡើយ។
មិនតែប៉ុណ្ណោះ វៀតណាម មានក្រុមសន្តិសុខការពារយ៉ាងល្អប្រសើបំផុត អាចការពារសុវត្ថិភាពដល់មេដឹកនាំពិភពលោក បានល្អ១០០ភាគរយ។ កន្លងមកវៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗលើពិភពលោក។
អាចនិយាយបានថាចាប់តាំងពីវៀតណាមនិងអាមេរិកបង្កើនទំនាក់ទំនង នៅឆ្នាំ១៩៩៥មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក បានបំពេញទស្សនកិច្ច ជាច្រើនលើកមកកាន់ប្រទេសវៀតណាម តាំងពីអតីតប្រធានាធិបតី ប៊ីលគ្លីនតុន អូបាម៉ា និងពេលនេះដូណាលត្រាំ ៕
ដោយ៖ មែវ សាធី