ប្រទេសប៉ាគីស្ថាន៖ ប៉ាគីស្ថានបានធ្វើជាម្ចាស់ផ្ទះរៀបចំ ការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាទ្រង់ទ្រាយធំ បំផុត មិនធ្លាប់មាន ដោយចាប់ផ្តើមឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ សមយុទ្ធនេះមានការចូលរួមពីទាហានជើងទឹកមកពី ៤៥ប្រទេសជុំវិញពិភពលោក។
សមយុទ្ធនេះឲ្យឈ្មោះថា Aman ឬសន្តិភាព ត្រូវបានរៀបចំធ្វើឡើងនៅជិតកំពង់ផែភាគខាងត្បូងទីក្រុងការ៉ាជី ហើយក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងពួកចោរសមុទ្រ, ពួកភេរវកម្ម និងពួករត់ពន្ធជាដើម ។
នាវាយាមល្បាត និងនាវាចម្បាំងរាប់សិបគ្រឿងត្រូវបានបញ្ជូនពីប្រទេសទាំង៤៥នោះ មកចូលរួមធ្វើសមយុទ្ធ ក្នុងនោះមានអាមេរិក អង់គ្លេស និងជប៉ុនជាដើម ប៉ុន្តែប្លែកត្រង់ថា ទាហានជើងទឹកឥណ្ឌា មិនត្រូវបានអញ្ជើញឲ្យចូលរួមសមយុទ្ធដ៏សំខាន់នេះឡើយ ។
ប៉ាគីស្ថានធ្លាប់រៀបចំសមយុទ្ធបែបនេះម្តងហើយកាលពីឆ្នាំ២០០៧ ហើយកាលណោះក៏មិនបានអញ្ជើញឥណ្ឌាមកចូលរួមនោះដែរ បើទោះបីប្រទេសនេះមានភូមិផងរបងជាប់គ្នាក្តី ។
ប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងឥណ្ឌា មានភាពល្អប្រសើរជាមួយគ្នាតិចតួចបំផុត ។ ជាក់ស្តែងតាំងពីឆ្នាំ១៩៤៧ ក្រោយអង់គ្លេសដកខ្លួន លែងធ្វើអាណានិគមន៍នោះរួចមក ប្រទេសទាំងពីរនេះស្រាប់តែមានជម្លោះទឹកដីជាមួយគ្នា ដោះស្រាយ នៅត្រង់ចំណុចព្រំដែន ភ្នំ ហិម៉ាលៃ ដែនដីកាស្មៀរ តែម្តង ។ សង្គ្រាមបានផ្ទុះឡើង៣លើកមកហើយ បណ្តាលឲ្យស្លាប់ និងរងរបួស ខូចខាតទាំងសងខាង ៕
ដោយ៖ មែវ សាធី