ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោក ម៉ៅ ហាក់ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញដោះស្រាយបញ្ហាទឹកក្នុងខេត្តកណ្តាល អមដំណេីរដោយលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជាង ៣០០ហិកតា នៅភូមិទួលក្រាំង ភូមិកំពង់ពោធិ និងភូមិគ ឃុំក្រាំងយ៉ូវ និងបន្តពិនិត្យស្រូវខ្វះទឹកជាង ១៦០ហិកតាទៀត នៅភូមិព្រែកតាឯក និងភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកបានចុះពិនិត្យស្ថានភាពស្រូវកង្វះទឹក និងទីតាំងម៉ាស៊ីនបូមទឹកធុនមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង របស់មន្ទីរ ដាក់នៅចំណុចភូមិទួលក្រាំង និងភូមិកំពង់ពោធិ ក្នុងឃុំក្រាំយ៉ូវ ។ បន្ទាប់មក លោក និងក្រុមការងារ បានបន្តចុះពិនិត្យស្ថានភាពស្រូវខ្វះទឹក នៅឃុំត្រើយស្លា និងទីតាំងដាក់ម៉ាស៊ីនធុនមធ្យម (៦៥សេះ) ចំនួន ០១គ្រឿង ទៀត ដែលដាក់នៅចំណុចព្រែកថ្មី ភូមិព្រែក ប្រភពទឹកទន្លេបាសាក់៕
ដោយ៖ សុខ ខេមរា