ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់ ខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខលោក រស់ រឿនចៅសង្កាត់ស្ពានថ្ម និងលោក ចៅ ជិនរតនា ស្មៀនសង្កាត់ពងទឹក ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកអភិបាលខណ្ឌបានធ្វើការផ្តាំផ្ញើរ សាកសួរសុខទុក្ខដល់លោកក្រុមគ្រួសារទាំងពីរ សូមបន្តតាមដានយកចិត្តទុក្ខដាក់ចំពោះអ្នកជម្ងឺ និងធ្វើការរាយការណ៍អំពីស្ថានភាពជម្ងឺដើម្បី ខណ្ឌមានវិធានការ និងរកដំណោះស្រាយជូន។ ជាមួយគ្នាលោកអភិបាល ក៏បានលើកទឹកចិត្ត និងជូនពរដល់លោកចៅសង្កាត់ និងស្មៀន សូមឆាប់បានជាសះស្បើយដើម្បីបន្តបំពេញតួនាទីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិបន្តទៀត។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់លោក រស់ រឿន ចៅសង្កាត់ស្ពានថ្ម នូវផ្លែឈើ ០១កន្ត្រក និងថវិកា ៥០ម៉ឺនរៀល លោក ប៉ឹល កុសល ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ ខណ្ឌដង្កោ ថវិកា ៥០ម៉ឺនរៀល និងលោក វើក សាមឿន ចៅសង្កាត់ដង្កោ ថវិកា ៤០ម៉ឺនរៀល។ ដោយឡែក លោក ចៅ ជិនរតនា ស្មៀនសង្កាត់ពងទឹក លោក នុត ពុធដារ៉ា បានឧបត្ថម្ភផ្លែឈើ ០១កន្ត្រក និងថវិកា ៥០ម៉ឺនរៀល ហើយលោក វើក សាមឿន បានឧបត្ថម្ភ ថវិកា ៤០ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ថាៈ លោក រស់ រឿន មានជម្ងឺសសៃឈាមខួរក្បាល ហើយលោក ចៅ ជិនរតនា មានជម្ងឺក្រិនថ្លើម ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេល ប្រមាណ៣ថ្ងៃ មកហើយ ៕
ដោយ៖ ភារ៉ា ដង្កោ