ក្រុមនិស្សិតថៃច្រើននាក់ត្រូវឃុំខ្លួនដោយកម្លាំងយោធាថៃកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីក្រុមនិស្សិតទាំងនោះបានប៉ុនប៉ងព្យាយាមធ្វើបាតុកម្មប្រឆាំងតវ៉ានៅសួនឧទ្យានសាធារណៈទាក់ទឹនរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយនៅក្នុងការសាងសង់សួនឧទ្យាននោះដែលកំពុងធ្វើឲ្យរដ្ឋាភិបាលយោធាថៃ កក្រើករន្ធត់ញាប់ញ័រនោះ ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃ លោក Winthai Suvaree បានថ្លែងថា អាជ្ញាធរថៃបានឃុំខ្លួនក្រុមនិស្សិតទាំងនោះ ដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេដែលព្យាយាមជួបជុំប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ។ លោកបញ្ជាក់ថា សួនឧទ្យាននេះគឺកសាងឡើងសម្រាប់ពលរដ្ឋថៃគ្រប់រូបដើម្បីសកម្មភាពគោរពបូជាព្រះមហាក្សត្រ ហើយទីកន្លែងនេះមិនមែនប្រើប្រាស់សម្រាប់ការធ្វើបាតុកម្ម ឬធ្វើព្រឹត្តិការណ៍អ្វីមួយឡើយ ។
សួនឧទ្យាន Rachapakti មានទីតាំងស្ថិតនៅរមណីយដ្ឋានមាត់សមុទ្រ ក្នុងទីក្រុង Hua Hin ។ ការស្ថាបនាសួនឧទ្យាននេះគឺដើម្បីជាវិភាគទានដល់ព្រះរាជាប្រទេសថៃ ហើយការសាងសង់នោះធ្វើឡើងដោយកងកម្លាំងភូមិន្ទថៃ ។ ប៉ុន្តែវាបានហ៊ុមព័ទ្ធដោយរឿងអាស្រូវ និងការប្រព្រឹត្តអំពើពុករលួយនៅក្នុងគម្រោងសាងសង់សួនឧទ្យាននេះ និងក្លាយជាចំណុចរសើបរបស់រដ្ឋាភិបាលថៃក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះ ។
គម្រោងសំណង់ឧទ្យាននេះស្ថិតក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ Udomdej Sitabutr អតីតជាមេទ័ពដែលមានឥទ្ធិពលមួយរូប និងជាឧបរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រដ្ឋាភិបាលយោធាថៃ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏ដូចក្រុមប្រឆាំងផងដែរបានបរិហាររិះគន់ពាក់ព័ន្ធអំពើរលួយក្នុងទំហំធំធេងសម្រាប់ជាកិច្ចសន្យាដើម្បីបានគម្រោងសាងសង់នោះ ។
នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក Sirawith Seritiwat មេដឹកនាំក្រុមនិស្សិតបានបញ្ជាក់ថា ក្រុមនិស្សិតបានអះអាងថា ពួកគេអាចទៅកាន់ទីនោះ(សួនឧទ្យាន)ដើម្បីប្រឆាំងអំពើពុករលួយ ហើយនៅមិនយូរប៉ុន្មានម៉ោងក្រោយមក លោក Sirawith Seritiwat ក៏បានប្រកាសអំពីការឃុំខ្លួនក្រុមនិស្សិតទាំងនោះផងដែរ ។
នៅក្នុងរយៈពេលនេះ គឺជាពេលវេលាដែលប្រជាជនថៃឈប់សម្រាកដើម្បីប្រារព្ធព្រះរាជពិធីខួបកំណើត ថ្វាយព្រះមហាក្សត្រថៃ ហើយនៅសួនឧទ្យាន Rachapakti នោះតែម្តងគឺមានមនុស្សម្នាជាច្រើនណាស់ទៅកាន់ទីនោះ ។ ប៉ុន្តែទោះបីយ៉ាងណា នៅក្នុងឆ្នាំនេះ ត្រូវគេបិតមិនឲ្យមានការចូលទៅកាន់ទីនោះឡើយ ។
ក្រុមនិស្សិតមួយចំនួនត្រូវយោធាចាប់ដាក់ក្នុងរថយន្តផងដែរនៅអំឡុងពេលពាក់កណ្តាលថ្ងៃ កាលពីថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥នោះ ។ គេមិនបានដឹងឡើយថា តើក្រុមនិស្សិតទាំងនោះត្រូវគេចាប់ខ្លួនមកពីខាងណាឡើយ ។
អ្នកនាំពាក្យរបស់កងកម្លាំងយោធាថៃ បានអះអាងថា យើងមិនចង់ប្រឈមមុខដាក់គ្នាឡើយ ដោយលោកអះអាងថា ក្រុមមួយផ្សេងទៀតមិនពេញចិត្តចំពោះក្រុមនិស្សិតដែលធ្វើបាតុកម្មនេះឡើយ ហើយទំនងជាមានការប្រមូលផ្តុំតវ៉ាតបតចំពោះក្រុមនិស្សិតទាំងនោះវិញ ។
កាលពីសប្តាហ៍កន្លងមកនេះ មេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាលយោធាថៃ២នាក់ត្រូវយោធាចាប់ខ្លួន បន្ទាប់ពីប៉ុនប៉ងចូលទៅកាន់សួនឧទ្យានដែលមានរួបសំណាក់ព្រះមហាក្សត្រដ៏ល្បីល្បាញបំផុតចំនួន៧អង្គនោះ ។
កម្លាំងយោធាថៃបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់ថៃកាលពីឆ្នាំមុន ដោយគោលដៅគឺប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជាការការពារដល់គ្រួសាររាជវង្សានុវង្សថៃផងដែរ ។
មេដឹកនាំរដ្ឋាភិបាលយោធាថៃ ក្នុងនោះមានលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ផងដែរ បានអះអាងថា គ្មានពាក់ព័ន្ធអំពើពុករលួយនៅក្នុងគម្រោងសាងសង់សួនឧទ្យាននោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមអ្នកតវ៉ានៅតែទទូចអះអាងជានិច្ច ហើយជានិច្ចកាលរងការបង្ក្រាប បំបិតមាត់ពីកម្លាំងយោធាថៃ ។
ដោយទទួលរងសម្ពាធខ្ពស់នោះ ក្រសួងការពារជាតិថៃបានប្រកាសថា ខ្លួននឹងស៊ើបអង្កេតទៅលើករណីចោទប្រកាន់នេះ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ ក៏វាស្ថិតនៅក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីប្អូនប្រុសរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលជាមេទ័ពមួយរូបផងដែរនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត