ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ប្រទះឃើញនាងគដែលមានលំនៅដ្ឋានជិតគ្នានៅផ្ទះម្នាក់ឯង ក៏ចូលទៅចាប់រំលោភជាបន្តបន្ទាប់ចំនួន២លើក ហើយលើកទី៣ចាប់នាងវាយឲ្យរបួសរំលោភរហូតបានសម្រេចម្តងទៀត ពេលកំពុងធ្វើសកម្មភាពរំលោភនាងគជាលើកទី៣នេះ ស្ត្រីជាម្តាយនារីរងគ្រោះមកទាន់ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកកោះធំ កសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១៩ និង៤៩នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ គ្រាដែលកំពុងធ្វើសកម្មភាពរំលោភនារីរងគ្រោះនៅគុម្ភព្រៃខាងក្រោយផ្ទះ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាម ស៊ា ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែកស្រុកកោះធំ ។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់នារីរងគ្រោះឈ្មោះ ថ ធ.ត អាយុ២៣ឆ្នាំ ជាមនុស្សគ ជនជាតិខ្មែរ មុខរបរជាកសិករ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ រំលោភសេពសន្ថវៈចំនួន៣លើក បានសម្រេច២លើក ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា លើកទី១ជនសង្ស័យបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភសេពសន្ថវៈនៅត្រង់ចំណុចផ្ទះនារីរងគ្រោះ បានសម្រេច១លើក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ លុះមកដល់ថ្ងៃទី៤ ខែឆ្នាំដដែលជនសង្ស័យបានលបមកចាប់នារីរងគ្រោះនៅក្រោមផ្ទះសម្រុងធ្វើសកម្មភាពរំលោភម្តងទៀត តែមិនបានសម្រេចដោយសារនារីរងគ្រោះរើបម្រះរួច ។
លោកអធិការបានបន្តទៀតថា ចុងក្រោយលើកទី៣ជនសង្ស័យបានធ្វើសកម្មភាពវាយនារីរងគ្រោះ រួចចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចម្តងទៀតនៅវេលាម៉ោងប្រមាណ១៥ និង១០នាទី ត្រង់ចំណុចគុម្ភព្រៃខាងក្រោយផ្ទះនារីរងគ្រោះ គ្រាដែលនាងកំពុងអង្គុយលេងម្នាក់ឯង ។ គ្រាដែលធ្វើសកម្មភាពនោះស្ត្រីជាម្តាយនារីរងគ្រោះដើរទៅទាន់ ក៏ចាប់ខ្លួនជនសង្ស័យយកទៅផ្ទះរួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ មាម ស៊ា បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា រូបគេពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភជាបន្តបន្ទាប់ចំនួន៣លើក តែបានសម្រេចតែពីលើកនោះទេ ៕
ដោយ៖ ស្អាងជ័យ