ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានបីកូនដែលទើបសម្រាលកូនបានប្រមាណជាង៥ខែ យកពីបាត់ដំបង មកដល់ខេត្តកំពង់ឆ្នាំងដើម្បីអោយព្រះសង្ឃមួយអង្គទទួលខុសត្រូវចំពោះអនាគត រូបគេនិងកូនស្រីដែលទើបនឹងកើត ។ ក្រោយពីនារីរូបនេះបានចាញ់ល្បិចលួងលោមរបស់ព្រះសង្ឃ រហូតមានកូនមួយនៅឯខេត្តបាត់ដំបង ។
នារីរូបនេះបានប្រាប់ថា នាងមានឈ្មោះ ភ ច រ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិរកា ឃុំអ៊ុំម៉ាល់ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នមានកូនស្រី១ដែលទើបនឹងកើតបានជិត៥ខែហើយ ។
នារីរូបនេះបានរៀបរាប់អោយដឹងថា កាលពី១ឆ្នាំ រូបគេបានទំនាក់ទំនងជាមួយព្រះសង្ឃមួយអង្គព្រះនាម រិន មានព្រះជន្ម២៩ព្រះវស្សា គង់នៅវត្តរកា ក្នុងភូមិឃុំរបស់នាង ។ ការទំនាក់ទំនងរវាងនាង និងព្រះសង្ឃកាន់តែជិតស្និទ្ធទៅៗ ហើយព្រះសង្ឃអង្គនោះតែងតែនិមន្តមកលេងផ្ទះរបស់នាងជាញឹកញាប់នៅពេលដែលម្តាយនិងឪពុកនាងមិននៅ ។ នៅពេលដែលលនិមន្តមកលេងផ្ទះនាងម្តងៗ ព្រះអង្គរូបនេះតែងតែលួងលោមសុំស្នេហ៍នាង ទោះបីនាងបានបដិសេធក៍ដោយ ។ ប៉ុន្តែក្រោយមកទៀតទំនាក់ទំនងរបស់នាងជាមួយ និង ព្រះសង្ឃនេះបានក្លាយទៅជាចំណងស្នេហ៍មួយធ្វើអោយនាងប្រកែកមិនបាន ហើយបានរស់នៅមួយគ្នា ទោះបីជាដឹងថា បានខុសនឹងពុទ្ធវិន៍យរបស់ព្រះសង្ឃក៍ដោយ ។
នារីរូបនេះបានប្រាប់ទៀតថា មុនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់សង្ឃ គឺព្រះសង្ឃរូបនេះបានសន្យាថា នៅពេលសឹកមកវិញនឹងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ មើលថែរក្សាគ្នាទៅវិញ ទៅមក ដោយតែការលួងលោមនេះហើយធ្វើអោយជ្រុលជ្រួស ហួសមិនអាចត្រឡប់ក្រោយវិញបាន រហូតធ្វើអោយនាងមានផ្ទៃពោះ ។ ក្រោយពីមានផ្ទៃពោះរូបនាងបានប្រាប់ព្រះសង្ឃអង្គនោះ(រិន) ថាខ្លួនមានផ្ទៃពោះ ក្រោយពីដឹងថា នាងមានផ្ទៃពោះព្រះសង្ឃរូបនោះបានគេចចេញពីវត្តរកា មករស់នៅក្នុងវត្តស្ទឹង ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ បន្ទាប់ពីនាងមានផ្ទៃពោះរហូតបាន៤ខែម្តាយនាងដឹងដេញដោលសួរនាំរកមុខដើម្បីអោយទទួលខុសត្រូវ ក្រោយពីដឹងថា ក្រោយពីដឹងថា ព្រះសង្ឃឈ្មោះរិន ជាអ្នកធ្វើ ម្តាយរបស់នាង បានទំនាក់ទំនងលោកសង្ឃនោះ ដោយអោយមកព្រះសង្ឃនោះមក ទទួលខុសត្រូវ ចំពោះបញ្ហានេះ ។ ប៉ុន្តែក្រោយពីធ្វើដំណើរមកជួបព្រះសង្ឃនេះបានគេចខ្លួនរហូត ។
រហូតដល់ពេលរូបនាងកើតបានកូនស្រីមួយ ក្រោយពីកើតកូនបានរយៈពេលជិត៥ ខែ ។ ហើយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ព្រះសង្ឃឈ្មោះរិននេះបាន ទូរស័ព្ទទៅនាងអោយ នាំកូនយកមកអោយមើលនៅវត្តស្ទឹង ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ លុះនាង នាំកូនមកវត្ត បែជាព្រះសង្ឃរូបនោះបានគេចខ្លួនមុនពេលមកដល់តែម្តង ។
នៅពេលនេះនាងបានមកប៉ុស្តិ៍បន្ទាយព្រាល សុំអោយសមត្ថកិច្ចជួយស្រាវជ្រាវរកព្រះសង្ឃអង្គនេះអោយឃើញផង ដើម្បីយកមកទទួលខុសត្រូវនូវអ្វីដែលជាទង្វើរបស់សង្ឃអង្គនោះដែលបានប្រព្រឹត្ត រហូតដល់មានកូនមួយនេះ ៕
ដោយ៖ ចន្ថា