ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងទៅឌុបយកកូនចេញពីសាលារៀនអន្តរជាតិដេលី លុះត្រលប់មកវិញជិះឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រមួយគ្រឿងមកបុកបណ្តាលអោយបាក់ជើងឆ្វេង ។

ហេតុការណ៍នេះកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅមុខច្រកចូលសាលារៀនអន្តរជាតិដេលី តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ធី អាយុ២៨ មុខរបរលក់ដូរ មានទីលំនៅ ផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកតែកុងរថយន្តកុងតឺន័រមានឈ្មោះ ណាត ឧត្តម អាយុ២៧ ឆ្នាំ មានស្រុកកំណើត ភូមិក្រាំងក្រួច ឃំុ ស្កូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមសាក្សីពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបជ្រុង ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AR-8577 ជិះចេញពីសាលាអន្តរជាតិដេលី ទិសដៅពីត្បូងទៅជើង (ផ្លូវលំ) ឡើងមកផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកើតហេតុ ស្ត្រីរងគ្រោះបាន ស៊ីញ៉ូឆ្លងផ្លូវបានបន្តិច ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងបើកបរដោយបុរសម្នាក់ពាក់ស្លាកលេខ ភ្នំពេញ 3A-9049 ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេ៤ បានទៅបុក ចំពាក់កណ្តាលម៉ូតូ បណ្តាលគៀបជើងស្ត្រីខាងឆ្វេងអូសនឹងថ្នល់ បាក់ឆ្អឹង ចំណែកកូនស្រី របស់ស្ត្រីរងគ្រោះអាយុជាង ៥ឆ្នាំ មិនមានរងរបួសអ្វីឡើយ ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍ និងបានទាក់ទៅរថយន្តសង្គ្រោះដឹងទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តបង្ក និងម៉ូតូត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់វែងយកទៅទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំការដោះស្រាយ ៕




...
ដោយ៖ សុខា សែនជ័យ