ខេត្តព្រះសីហនុ៖ អំពើពុករលួយនៅក្នុងមន្ទីរអប់រំខេត្តព្រះសីហនុ ត្រូវបានបែកធ្លាយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺឈ្មោះ អ៊ឹម បូរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ជាអ្នកប្រព្រឹត្ត ។
មន្ត្រីមន្ទីរអប់រំ ដែលលើកគ្នាតវ៉ាបានប្រាប់ថា ពួកគេបានចាញ់បោកលោក អ៊ឹម បូរិទ្ធ អស់ប្រាក់មិនតិចឡើយ ដោយអ្នកខ្លះអស់ ២០០ដុល្លារ ខ្លះ៥០០ដុល្លារក៏មាន ដើម្បីឲ្យបុគ្គលនេះរត់ការផ្លាស់ប្តូរទីកន្លែងធ្វើការ បង្រៀន ឬ ឡើងកម្រិតបង្រៀនជាដើម ។ល។ បន្ទាប់ពីអស់លុយហើយមិនអាចផ្លាស់ទីកន្លែងធ្វើការបាន ឬក៏កន្លែងបង្រៀន ទើបនៅដើមខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោកគ្រូ អ្នកគ្រូជាច្រើនអ្នក បាននាំគ្នាទៅមន្ទីរអប់រំខេត្ត ដើម្បីរកលោក អ៊ឹម បូរិទ្ធ ទារលុយវិញ។ ប៉ុន្តែលោក អ៊ឹម បូរិទ្ធ មិនសងប្រាក់ដែលបានយកនោះទេ។ មិនត្រឹមតែមិនសងលុយវិញនោះទេ ថែមទាំងពោលពាក្យថា «ធម្មតាមាន់នៅលើស្រូវ បើមិនស៊ីស្រូវឬ? បានតែល្អមើលទេ មិនល្អស៊ីទេ, អ្នកដឹងបានដឹង»។ «ឋានៈប៉ុនលោក ដែលជាអនុប្រធានការិយាល័យមិនអាចធ្វើអ្វីបានឡើយ។ សុខចិត្តស្លាប់ខ្លួនឯង មិនឲ្យឪពុកម្តាយស្លាប់ទេ»។
លោកគ្រូម្នាក់មកពីអនុវិទ្យាល័យបឹងតាព្រហ្ម ស្រុកព្រៃនប់ បានអះអាងថា លោកបានប្រគល់ប្រាក់ជូនលោក អ៊ឹម បូរិទ្ធ ២០០ដុល្លារមុន ដើម្បីរត់ការបានមកបង្រៀននៅក្នុងក្រុងព្រះសីហនុវិញ ក្នុងពេល ដែលការផ្លាស់ប្តូរ បានសម្រេចនឹងប្រគល់បន្ថែម ២០០ដុល្លារទៀត។
លោកគ្រូម្នាក់ទៀត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូចគ្នា បានឲ្យដឹងថា លោកបានប្រគល់ប្រាក់ចំនួន ៥០០ដុល្លារ ជាថ្នូរក្នុងការផ្លាស់ប្តូរប្អូនថ្លៃពីខេត្តកំពត ទៅង្រៀននៅក្រុងព្រះសីហនុ។ នៅពេលការផ្លាស់ប្តូរបានសម្រេចនឹងប្រគល់ ៣០០ដុល្លារបន្ថែមទៀត។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឆ្លើយបដិសេធន៍ថា លោកមិនជាប់ពាក់ព័ន្ធក្នុងករណីអំពើពុករលួយអស់ទាំងនេះទេ។ លោកបានបញ្ជាក់ថា ជារឿងបុគ្គល ដែលឆ្លៀតរកស៊ីក្រៅ។ មិនតែប៉ុណ្ណោះលោក កែវ ឡាយ បានបញ្ជាក់ថា លោកបានដាក់វិន័យដល់បុគ្គលនេះរួចហើយ ដោយផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅ ការិយាល័យអប់រំក្រុងព្រះសីហនុវិញ ហើយបច្ចុប្បន្ននេះ មន្ទីររង់ចាំតែដីការផ្ទេរភារកិច្ចផ្លូវការពីសាលាខេត្តព្រះសីហនុ ប៉ុណ្ណោះ ៕ ហេង នរិន្ទ្រ