ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះរហូតដល់មន្ទីរពេទ្យឯរាជធានីភ្នំពេញ និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនូវឡើយ ក្នុងករណីហឹង្សាដោយចេតនាមួយ នៅគ្រាមានទំនាស់ពាក្យសម្ដីគ្នារឿងជំពាក់លុយ ៧០០០ រៀល។
ហេតុការណ៍ឃាតកម្មបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងព្រៃរនាមដាច់ស្រយាលមាត់បឹងទន្លេសាប ត្រង់ចំណុច លាបភេ ស្ថិតក្នុងភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលនៃស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះ (ស្លាប់)ឈ្មោះ ម៉ក់ ឡុញ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ (នេសាទត្រី) មានទីលំនៅភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសលើផ្ទៃមុខផ្នែកខាងឆ្វេង ហើយបាន(ស្លាប់នៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ) នាថ្ងៃទី២០ ខែកុម្ភៈ នេះ និងម្នាក់ទៀតឈ្មោះ ជិន ជឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ(នេសាទត្រី)ជាមួយគ្នា មានទីលំនៅភូមិ.ឃុំជាមួយគ្នា បានរបួសដៃ ១កាំបិត និងជើង ១កាំ បិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅ ឡើយ។
ប្រភពព័ត៌មានខាងលើបន្តថា ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ស្លាប់)នេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ(នេសាទត្រី)ជាមួយគ្នា មានទីលំនៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រើប្រាសកាំបិតកាកុកជាអាវុធកាប់លើគូរទំនាស(ស្លាប់) និងរងរបួស ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រម៉ោល។
ប្រភពដដែលបន្តទៀតថា ហឹង្សាដោយចេតនាខាងលើ ផ្ដើមចេញពីទំនាស់ពាក្យសម្ដីគ្នារវាងប្រពន្ធ និងប្រពន្ធ ដោយប្រពន្ធជនរងគ្រោះ (ស្លាប់)ជំពាក់លុយប្រពន្ធជនសង្ស័យដៃដល់ចំនួន ៧០០០រៀល បង្កឲ្យកើតមានទំនាសឡើងបែកផ្សែងរហូតផ្ទុះហឹង្សាបែបនេះ ហើយភ្លាមៗនោះភាគ្គីខាងជនរងគ្រោះរវល់ពេក ពុំបានផ្ដល់ព័ត៌មានឬរាយការណ៍មកសមត្តកិច្ចមូលដ្ឋាននោះទេ លុះជនរងរបួសស្លាប់បញ្ជូនត្រឡប់មកពីរាជ ធានីភ្នំពេញទើបមកដាក់ពាក្យបណ្ដឹង ធ្វើឲ្យជនបង្កមានឲ្យកាសរត់គេបាត់បែបនេះ៕ បុឹម ពិន