តារាប្រុស ម៉ឺន ឯកសុភារិទ្ធ បារម្ភកាន់តែខ្លាំងក្រោយឆ្កែខាំហើយវិលមុខមិនបាត
ភ្នំពេញ៖ ទន្ទឹមគ្នានឹងជំងឺឆ្កែឆ្កួតកំពុងតែធ្វើឲ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍នោះស្រាប់តែតារាសម្តែង និងពិធីករ ម៉ឺន ឯកសុភារិទ្ធ បានបង្ហាញពីក្តីព្រួយបារម្មណ៍កាន់តែខ្លាំងពីសុខភាពរបស់ខ្លួន។ បារម្មណ៍ព្រោះតែលោកនៅឈឺក្បាលវិលមុខមិនបាត់បើទោះបីជាទៅជួបគ្រូពេទ្យចាក់ថ្នាំហើយក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញទៅមន្ទីរពេទ្យ ឯកជន និងមណ្ឌលសុខភាពរដ្ឋ បន្ទាប់ពីមានករណីមានមនុស្សស្លាប់ព្រោះជំងឺឆ្កែឆ្កួត។ស្របគ្នានេះដែរ តារាសម្តែងរូបសង្ហារូបនេះបានបង្ហាញរូបថតជាច្រើនសន្លឹកដែលមានទាំងស្នាមបួសដែលត្រូវបានឆ្កែខាំពេលដែលលោកទៅសម្តែងនៅទឹកដីនៃខេត្តកំពង់ឆ្នាំង ។ ក្នុងនោះ ម៉ឺន ឯកសុភារិទ្ធ បានបង្ហោះសារថា «ឆ្កែខាំខ្ញុំពិបាកចិត្តណាស់ មិនដឹងម៉េចម៉ាទេ» ។ ការលើកឡើងរបស់តារាសម្តែងរូបនេះត្រូវបានមិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើនបានសួរនាំ និងដេញឲ្យលោកស្វែងរកការចាក់ថ្នាំ និងជួបគ្រូពេទ្យជំនាញ ជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរបន្ទាប់ពីលោកត្រូវបានឆ្កែខាំចំនួន២ថ្ងៃមកហើយនោះ។ ទោះជាយ៉ាងណាក្រោយចាក់ថ្នាំបង្ការរួចរាល់តារាប្រុសរូបនេះនៅតែ មានអារម្មណ៍ឈឺក្បាល និង វិលមុខ ដដែល។
គួរបញ្ជាក់ដែរថាជំងឺឆ្កែឆ្កួត (Rabies) គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត។ ជំងឺឆ្កែឆ្កួត (Rabies) មានការចម្លងទៅមនុស្សតាមរយៈសត្វ។ ជំងឺឆ្កែឆ្កួត (Rabies) អាចមានការចម្លងទៅបាននៅពេលដែលសត្វដែលមានផ្ទុកមេរោគនោះអេះ ឬខាំសត្វមួយផ្សេងទៀត ឬមនុស្ស។លើសពីនេះ ទឹកមាត់ដែលចេញពីសត្វមានផ្ទុកមេរោគនេះអាចចម្លងរោគឆ្កែឆ្កួតបាន បើទឹកមាត់ជ្រាបចូលទៅប៉ះនឹងភ្នាសសើមផ្នែកខាងក្នុងសត្វមួយផ្សេងទៀត ឬមនុស្ស។ អាការៈរោគដំបូងៗអាចមានជាអាទិ៍ៈ ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។អាការៈរោគទាំងនេះមានបន្តដោយអាការៈរោគមួយ ឬច្រើនដូចជាធ្វើ ចលនាដោយបង្ខំ, ឥរិយាបទសប្បាយលីលា, ខ្លាចទឹក, មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន, វង្វេងវង្វាន់, និងការបាត់បង់ស្មារតី (ឡប់ៗលែងដឹងខុសត្រូវ)។បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជំងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។រយៈពេលនៃការកកើតជម្ងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតាគឺមានចាប់ពីមួយទៅបីខែ។ ម្យ៉ាងវិញទៀត រយៈពេលនេះអាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ៕ ដោយ វឌ្ឍនា