ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោបានដឹកនាំមន្ត្រីរាជការ និងចៅសង្កាត់ទាំង១២ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ រឿន ចៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោបន្ទាប់ពីនៅគេហដ្ឋានស្ថិតក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម លោកបានទទួលមរណភាព កាលពីវេលាម៉ោង ១០,៤០នាទី ថ្ងៃទី០៨ ខែធ្នូ កន្លងទៅ ដោយរោគាពាធ ក្នុងជន្មាយុ៦៨ឆ្នាំ។
លោក នុត ពុធដារ៉ា បានសម្តែងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោក រស់ រឿន ដោយបានចាត់ទុកជាការបាត់បង់មេគ្រួសារ ដ៏ល្អមួយរូប ជាទីគោរពស្រឡាញ់ និងជាបុគ្គលមួយរូបដ៏ឆ្នើម ដែល បានខិតខំបំពេញការងារបម្រើជាតិ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានអត់ពីចិត្តពីថ្លើមក្នុងរយៈពេលដែលលោកនៅមានជីវិត រហូតដល់បាត់បង់ជីវិត។
លោកអភិបាលក៏បានកោតសរសើរចំពោះលោករស់ រឿន ដែលជាមន្ត្រីដ៏សកម្មនឹងការងារ ជាពិសេសការបម្រើប្រជាពលរដ្ឋ និងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន។
ក្នុងឱកាសនេះដែរលោកអភិបាលខណ្ឌ បានចូលរួមបុណ្យជាថវិកាចំនួន៥០ម៉ឺនរៀលផងដែរ ហើយមន្ត្រីរាជការសាលាខណ្ឌ និងចៅសង្កាត់នានា ក៏បានចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លាផងដែរ ៕
ដោយ៖ ភារ៉ា ដង្កោ