សិង្ហបុរី៖ លោក ចាន់ វិចិត្រ មន្ត្រី ព័ត៌មានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរាយការណ៍ ពីប្រទេសសិង្ហបុរីមកថា កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥កន្លងទៅ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បាន អញ្ជើញទៅជួបសំណេះសំណាលអត្តពលិកជនពិការកម្ពុជា ដែលកំពុងបំពេញភារកិច្ច ក្នុងព្រឹត្តិការណ៍ប្រ កួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ ដឹកនាំដោយលោកយី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិ ការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម តំណាងសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោកចាន់ វិចិត្របន្តទៀតថា នៅក្នុងជំនួបសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជនពិការនៅប្រទេសសិង្ហបុរីខាងលើនេះដែរ លោក យី វាសនា បានជម្រាបជូនលោក ស៊ាន បូរ៉ាតពីស្ថានភាពនៃការស្នាក់នៅ និងបញ្ហាប្រឈមខ្លះៗ របស់អត្តពលិកកម្ពុជាដែលជួបប្រទះនៅ ក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ យ៉ាងដូច្នេះថា កីឡាករកីឡាការិនីកម្ពុជា បានជូប ការលំបាកក្នុងការចុះឈ្មោះចូលរួមប្រកួត ការដកកីឡាករកម្ពុជាចេញពីការប្រកួត ការវាយតម្លៃមិន ប្រក្រតីជាដើម។
លោក យី វាសនាបានបញ្ជាក់ប្រាប់លោក ស៊ាន បូរ៉ាតថា ដោយសារតែកីឡាករ កីឡាការិនី ជនពិការកម្ពុជា ទទួលបានការជួយឧបត្ថម្ភ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនទាំងស្រុង មានដូចជាការស្នាក់នៅ ថ្លៃអាហារ មានស្ថានភាពស្មើគ្នា ជាមួយបណ្តាប្រទេស ជឿន លឿនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។
លោក ចាន់ វិចិត្របញ្ជាក់ថា លោករដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានសម្តែង ការត្រេកអរជាខ្លាំង ហើយបានហៅ ជ័យជម្នះ របស់កីឡាករកីឡាការិនីជនពិការកម្ពុជាធ្វើបានសម្រេច នាពេលនេះ គឺជាកិត្យានុភាពសម្រាប់ប្រទេសកម្ពុជា និងជាកិត្តិយសរបស់ប្រជាជនកម្ពុជាទូទាំងប្រទេ ស ពិសេសជនពិការទាំងអស់។
គួររំលឹកថា កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥កន្លងទៅ កីឡាករ ឈុន ពន់ ដណ្តើមបាន មេដាយ ប្រាក់បន្ថែម១គ្រឿងទៀត លើវិញ្ញាសាប្រណាំងរទេះ ចម្ងាយ២០០ម៉ែត្រ ។ ប្រភពដដែលបានឲ្យដឹងថា តាមការគ្រោងទុក អត្តពលិកជនពិការកម្ពុជានឹងវិលត្រឡប់មកដល់មាតុភូមិវិញ នៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះក្រោយពីចូលរួមកម្មវិធីបិទ នាយប់ថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៥ ៕
ដោយ៖ សារីម