ការ​សិក្សា​ថ្មី​ស្តី​ពី​អំពើ​ហិង្សា​លើ​កុមារ​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ខាតបង់​រាប់​លាន​ដុល្លារ​ពី​អំពើ​ហិង្សា​លើ​កុមារ

ចែករំលែក៖

​យ៉ាង​ហោច​ណាស់​ ទឹកប្រាក់​ប្រមាណ​១៦៨​លាន​ដុល្លារ​ ត្រូវ​បាន​ខាតបង់​នៅ​ឆ្នាំ​២០១៣​ ដោយសារ​ផលវិបាក​លើ​សុខភាព​បង្ក​ដោយ​អំពើ​ហិង្សា​លើ​កុមារ​។​

​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥៖​ ការ​សិក្សា​ថ្មី​មួយ​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃនេះ​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​បាត់បង់​យ៉ាង​ហោច​ណាស់​ទឹកប្រាក់​ចំនួន​ ១៦៨​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៣​ ឬ​ ១,១​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ (GDP)​ របស់​ខ្លួន​ ដោយសារ​តែ​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ​។​

​របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ “​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើ​ហិង្សា​លើ​កុមារ​”​ ក៏​បង្ហាញ​ផង​ដែរ​ថា​ ការ​បាត់បង់​ផលិតភាព​ដោយសារ​អំពើ​ហិង្សា​នៅ​វ័យ​កុមារ​មាន​ចំនួន​សរុប​ ៨៣,៣​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣​ ស្មើនឹង​ ០,៥៥​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​។​ លើស​ពី​នេះ​ ឱកាស​របស់​ក្មេង​ស្រី​ដែល​បាន​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវ​កាយ​ ក្នុង​ការ​បន្ត​ការ​អប់រំ​ក្រោយ​មធ្យមសិក្សា​ មានការ​ថយ​ចុះ​ចំនួន​៦​ភាគរយ​។​

​លោក​ជំទាវ​ វេជ្ជ​.​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ បាន​មាន​ប្រសាសន៍​ថា​ “​ការ​ស្រាវជ្រាវ​ថ្មី​នេះ​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ បន្ទុក​សេដ្ឋកិច្ច​ដែល​កើត​ចេញពី​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​របស់​យើង​ មាន​កម្រិត​គួរ​ឲ្យ​កត់សម្គាល់​ ដែល​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​ជា​បន្ទាន់​ពី​សំណាក់​មនុស្ស​គ្រប់​រូប​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​”​។​

​លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា​ “​ អំពើ​ហិង្សា​លើ​កុមារ​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​ មិនតែប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែរ​ថា​ ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​ ឬ​កា​រប​ឈ្ឈប់​អំពើ​ហិង្សា​មុន​ពេល​វា​កើតឡើង​ គឺជា​ភាព​វ័យឆ្លាត​មួយ​ដែល​នឹង​អាច​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​។​”

​អំពើ​ហិង្សា​ដែល​ជួប​ប្រទះ​នៅ​វ័យ​កុមារ​ អាច​មាន​ផលវិបាក​អវិជ្ជមាន​លើ​សុខភាព​ពេញ​មួយ​ជីវិត​ ប៉ះពាល់​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ជន​រង​គ្រោះ​ ដូច​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​អភិវឌ្ឍ​ខួរក្បាល​ បញ្ហា​ឥរិយាបថ​ បញ្ហា​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ កាត់​បន្ថយ​កម្រិត​នៃ​ការ​អប់រំ​ និង​កាត់​បន្ថយ​ចំណូល​នា​ពេល​អនាគត​។​

​លោកស្រី​ ដេ​បូ​រ៉ា​ កូ​មី​នី​ នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ “​នេះ​គ្រាន់តែ​ជា​ការ​រក​ឃើញ​មួយ​ចំណែក​ ដោយសារ​តែ​ការ​ស្រាវជ្រាវ​នេះ​បាន​ពិនិត្យ​ និង​វិភាគ​លើ​ផលវិបាក​លើ​ផ្នែក​សុខភាព​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​កើត​ចេញពី​អំពើ​ហិង្សា​លើ​កុមារ​ មាន​ន័យ​ថា​ការ​ខាតបង់​ចំពោះ​សង្គម​ជា​រៀង​រាល់​ឆ្នាំ​ពិតជា​មាន​កម្រិត​ខ្ពស់​ជាង​នេះ​”​។​

​លោកស្រី​បាន​បន្ត​ទៀត​ថា​ “​អំពើ​ហិង្សា​លើ​កុមារ​ មិន​ថា​កើតឡើង​នៅ​ទីណា​និង​របៀប​ណា​នោះ​ទេ​ គឺ​សុទ្ធតែ​មិន​ត្រឹមត្រូវ​ទាំងអស់​ ហើយ​គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ​។​ ការ​សិក្សា​នេះ​ក៏​បញ្ជាក់​ផង​ដែរ​ថា​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ មិន​ត្រឹមតែ​ប៉ះពាល់​ផ្ទាល់​ដល់​កុមារ​នោះ​ទេ​ តែ​វា​បង្ក​ផលវិបាក​ជា​អវិជ្ជមាន​យូរអង្វែង​ដល់​ប្រទេស​ទាំងមូល​”​។​

​ការ​ស្រាវជ្រាវ​ដែល​ពិនិត្យ​ទៅ​លើ​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើ​ហិង្សា​លើ​កុមារ​នេះ​ គឺជា​ការ​សិក្សា​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ​បណ្ឌិត​ Xiangming​ Fang​ អ្នកជំនាញ​សកល​លើ​វិស័យ​នេះ​ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ​។​ ការ​សិក្សា​នេះ​ភាគច្រើន​ប្រើប្រាស់​ទិន្នន័យ​ពី​របាយការណ៍​នៃ​ការ​អង្កេត​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​(CVACS)​ ដែល​បាន​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៣​។​ ផល​ប៉ះពាល់​លើ​សុខភាព​និង​ឥរិយាបថ​ប្រឈម​ ដែល​រួម​មាន​ បញ្ហា​ផ្លូវចិត្ត​ ការ​ឆ្លង​ ជំងឺ​ដោយសារ​ការ​រួម​ភេទ​ ការ​ធ្វើបាប​ខ្លួនឯង​ ការ​ជក់បារី​ បញ្ហា​ប្រើប្រាស់​ជាតិ​ស្រវឹង​ និង​មរណភាព​កុមារ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​វិភាគ​លើ​ការ​សិក្សា​បន្ទុក​សេដ្ឋកិច្ច​នេះ​។​

​របាយការណ៍​នៃ​ការ​អង្កេត​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​(CVACS)​ ដែល​ចេញផ្សាយ​កាលពី​ខែតុលា​ ឆ្នាំ​២០១៤​ បាន​បង្ហាញ​ពី​វិសាលភាព​និង​លក្ខណៈ​នៃ​អំពើ​ហិង្សា​លើ​កុមារ​នៅ​ទូ​ទាំង​ប្រទេស​។​ ការ​អង្កេត​នេះ​បាន​បង្ហាញ​ថា​ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ទទួល​រង​អំពើ​ហិង្សា​ផ្លូវ​កាយ​បង្ក​ឡើង​ដោយ​ឪពុក​ឬ​ម្តាយ​ ឬ​មនុស្ស​ពេញវ័យ​ជា​សាច់ញាតិ​ គ្រូ​ មិត្តភក្តិ​ឬ​សមាជិក​សហគមន៍​ និង​មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវចិត្ត​។​

​តាម​រយៈ​ការ​វិភាគ​លើ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បង្ក​ដោយ​អំពើ​ហិង្សា​លើ​កុមារ​ ការ​សិក្សា​ថ្មី​នេះ​មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​រវាង​អ្នក​តាក់តែង​គោលនយោបាយ​ មន្ត្រី​រាជរដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​នៅ​ថ្នាក់​ជាតិ​ រួម​ទាំង​ទប់ស្កាត់​និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ​។​

...

​សិក្សា​អង្កេត​នោះ​អាច​សម្រេច​ទៅ​បាន​ ដោយសារ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ក្នុង​ភាព​ជា​ដៃគូ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​គណៈកម្មាធិការ​អន្តរក្រសួង​ ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ និង​ ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​១៣៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print