យ៉ាងហោចណាស់ ទឹកប្រាក់ប្រមាណ១៦៨លានដុល្លារ ត្រូវបានខាតបង់នៅឆ្នាំ២០១៣ ដោយសារផលវិបាកលើសុខភាពបង្កដោយអំពើហិង្សាលើកុមារ។
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥៖ ការសិក្សាថ្មីមួយចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បានបង្ហាញថា ប្រទេសកម្ពុជាបានបាត់បង់យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ១៦៨លានដុល្លារ ក្នុងឆ្នាំ២០១៣ ឬ ១,១ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ដោយសារតែផលប៉ះពាល់អវិជ្ជមានលើសុខភាពបង្កឡើងដោយអំពើហិង្សាលើកុមារ។
របាយការណ៍ដែលមានចំណងជើងថា “បន្ទុកសេដ្ឋកិច្ចនៃផលវិបាកចំពោះសុខភាពដោយអំពើហិង្សាលើកុមារ” ក៏បង្ហាញផងដែរថា ការបាត់បង់ផលិតភាពដោយសារអំពើហិង្សានៅវ័យកុមារមានចំនួនសរុប ៨៣,៣ លានដុល្លារក្នុងឆ្នាំ២០១៣ ស្មើនឹង ០,៥៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ លើសពីនេះ ឱកាសរបស់ក្មេងស្រីដែលបានទទួលរងអំពើហិង្សាលើផ្លូវកាយ ក្នុងការបន្តការអប់រំក្រោយមធ្យមសិក្សា មានការថយចុះចំនួន៦ភាគរយ។
លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា “ការស្រាវជ្រាវថ្មីនេះបានប្រាប់ឲ្យយើងដឹងថា បន្ទុកសេដ្ឋកិច្ចដែលកើតចេញពីអំពើហិង្សាលើកុមារក្នុងប្រទេសរបស់យើង មានកម្រិតគួរឲ្យកត់សម្គាល់ ដែលតម្រូវឲ្យមានការចាត់វិធានការជាបន្ទាន់ពីសំណាក់មនុស្សគ្រប់រូប ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ”។
លោកជំទាវបានបន្ថែមទៀតថា “ អំពើហិង្សាលើកុមារ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញដែរថា ការទប់ស្កាត់អំពើហិង្សាលើកុមារ ឬការបឈ្ឈប់អំពើហិង្សាមុនពេលវាកើតឡើង គឺជាភាពវ័យឆ្លាតមួយដែលនឹងអាចចូលរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។”
អំពើហិង្សាដែលជួបប្រទះនៅវ័យកុមារ អាចមានផលវិបាកអវិជ្ជមានលើសុខភាពពេញមួយជីវិត ប៉ះពាល់ផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនរងគ្រោះ ដូចជាផលប៉ះពាល់អវិជ្ជមានលើការអភិវឌ្ឍខួរក្បាល បញ្ហាឥរិយាបថ បញ្ហាផ្លូវកាយនិងផ្លូវចិត្ត កាត់បន្ថយកម្រិតនៃការអប់រំ និងកាត់បន្ថយចំណូលនាពេលអនាគត។
លោកស្រី ដេបូរ៉ា កូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “នេះគ្រាន់តែជាការរកឃើញមួយចំណែក ដោយសារតែការស្រាវជ្រាវនេះបានពិនិត្យ និងវិភាគលើផលវិបាកលើផ្នែកសុខភាពមួយចំនួនប៉ុណ្ណោះដែលកើតចេញពីអំពើហិង្សាលើកុមារ មានន័យថាការខាតបង់ចំពោះសង្គមជារៀងរាល់ឆ្នាំពិតជាមានកម្រិតខ្ពស់ជាងនេះ”។
លោកស្រីបានបន្តទៀតថា “អំពើហិង្សាលើកុមារ មិនថាកើតឡើងនៅទីណានិងរបៀបណានោះទេ គឺសុទ្ធតែមិនត្រឹមត្រូវទាំងអស់ ហើយគឺជាការរំលោភបំពានលើសិទ្ធិមូលដ្ឋានរបស់កុមារ។ ការសិក្សានេះក៏បញ្ជាក់ផងដែរថាផលប៉ះពាល់នៃអំពើហិង្សា មិនត្រឹមតែប៉ះពាល់ផ្ទាល់ដល់កុមារនោះទេ តែវាបង្កផលវិបាកជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូល”។
ការស្រាវជ្រាវដែលពិនិត្យទៅលើបន្ទុកសេដ្ឋកិច្ចនៃផលវិបាកចំពោះសុខភាពដោយអំពើហិង្សាលើកុមារនេះ គឺជាការសិក្សាដំបូងគេក្នុងប្រទេសកម្ពុជា ដែលដឹកនាំស្រាវជ្រាវដោយបណ្ឌិត Xiangming Fang អ្នកជំនាញសកលលើវិស័យនេះ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ។ ការសិក្សានេះភាគច្រើនប្រើប្រាស់ទិន្នន័យពីរបាយការណ៍នៃការអង្កេតអំពើហិង្សាលើកុមារនៅកម្ពុជា(CVACS) ដែលបានស្រាវជ្រាវនៅឆ្នាំ២០១៣។ ផលប៉ះពាល់លើសុខភាពនិងឥរិយាបថប្រឈម ដែលរួមមាន បញ្ហាផ្លូវចិត្ត ការឆ្លង ជំងឺដោយសារការរួមភេទ ការធ្វើបាបខ្លួនឯង ការជក់បារី បញ្ហាប្រើប្រាស់ជាតិស្រវឹង និងមរណភាពកុមារពាក់ព័ន្ធនឹងអំពើហិង្សា ត្រូវបានប្រើប្រាស់ដើម្បីវិភាគលើការសិក្សាបន្ទុកសេដ្ឋកិច្ចនេះ។
របាយការណ៍នៃការអង្កេតអំពើហិង្សាលើកុមារនៅកម្ពុជា(CVACS) ដែលចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៤ បានបង្ហាញពីវិសាលភាពនិងលក្ខណៈនៃអំពើហិង្សាលើកុមារនៅទូទាំងប្រទេស។ ការអង្កេតនេះបានបង្ហាញថា មានកុមារម្នាក់ក្នុងចំណោម២នាក់បានទទួលរងអំពើហិង្សាផ្លូវកាយបង្កឡើងដោយឪពុកឬម្តាយ ឬមនុស្សពេញវ័យជាសាច់ញាតិ គ្រូ មិត្តភក្តិឬសមាជិកសហគមន៍ និងមានកុមារម្នាក់ក្នុងចំណោម៤នាក់បានទទួលរងការរំលោភបំពានផ្លូវចិត្ត។
តាមរយៈការវិភាគលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបង្កដោយអំពើហិង្សាលើកុមារ ការសិក្សាថ្មីនេះមានគោលបំណងជំរុញឲ្យមានកិច្ចសហការរវាងអ្នកតាក់តែងគោលនយោបាយ មន្ត្រីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាដៃគូ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងប្រព័ន្ធការពារកុមារនៅថ្នាក់ជាតិ រួមទាំងទប់ស្កាត់និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ។
សិក្សាអង្កេតនោះអាចសម្រេចទៅបាន ដោយសារមានកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូ និងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួង និង ស្ថាប័នរាជរដ្ឋាភិបាលចំនួន១៣៕