ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម។
ក្នុងជំនួបនោះ ឯកឧត្តម Nguyen Phu Trong បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទី១ហើយដែល ឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈឹមបក្ស និងជាប្រមុខរដ្ឋវៀតណាមហើយដំណើរទស្សនកិច្ចនេះ ស្របពេលជាមួយនឹងឆ្នាំថ្មីកន្លងផុតទៅ ជាមួយនឹងខួបទី៤០ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រទេសកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចនេះគឺ ឯកឧត្តមមានបំណងពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ហើយ
ក៏ដើម្បីពិនិត្យមើលឡើងវិញនូវរាល់អ្វីដែលបានព្រ
មព្រៀងកន្លងផងដែរ ឈរលើមូលដ្ឋាននេះ គឺដើម្បីពង្រីកទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឯកឧត្តមក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះមកកាន់ប្រទេសកម្ពុជានៅពេលនេះ ឯកឧត្តម បានសង្កេតឃើញថាព្រះរាជាណាចក្រកម្ពុជាគឺទទួលបានជោគជ័យលើវិស័យជាច្រើនរួមមានការអភិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេដ្ឋកិច្ចកម្ពុជាគឺមានកំណើនកើនឡើងជាង៧% ហើយស្ថានភាពនៅកម្ពុជាគឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជាក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់ផងដែរ។ ឯកឧត្តម ក៏សូមសម្ដែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបានលើគ្រប់វិស័យកន្លងមកនេះឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរថា ឯកឧត្តមបានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងជួបសម្ដេចសង្ឃហើយលោកពិតជាមានកិត្តិយសណាស់ដែលត្រូវបានទទួលបដិសណ្ឋារកិច្ចដោយកក់ក្តៅជាទីបំផុត។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានឯកភាពទៅលើអ្វីដែលឯកឧត្តម Nguyen Phu Trong បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋានលើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត។
ហើយឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាមដែលបាននឹងកំពុងទទួលការស្វាគមន៍នូវជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជេីង ឯកឧត្តម គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕