ប្រទេសឥណ្ឌា ៖ កម្លាំងទាហានឥណ្ឌាបានសម្រេចវាយប្រហារទៅលើទីតាំង នានារបស់ក្រុមឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាន ដែលសង្ស័យថាជាក្រុមដែលបានបើកការវាយប្រហារទៅលើក្បួនរថយន្តយោធា របស់ឥណ្ឌានាពេលកន្លងមក ។
ក្រុមក្រុមឧទ្ទាមទាំងនេះហើយ ត្រូវឥណ្ឌាចាត់ទុកថា ជាមេក្លោងវាយប្រហារលើក្បួនរថយន្តគណៈប្រតិភូទាហានឥណ្ឌាបណ្តាលឲ្យស្លាប់យ៉ាងតិច៤០នាក់ កាលពីអំឡុងពេលកន្លងទៅថ្មីៗនោះ ។
ឥណ្ឌាបានប្តេជ្ញាហើយថា នឹងមិនឲ្យកងទ័ពរបស់ខ្លួនបាត់បង់ជីវិតទៅដោយទទេនោះឡើយ ។ ម្ល៉ោះហើយ ប្រតិបត្តិការបោសសម្អាតពួកឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាននេះ ក៏បានចាប់ផ្តើមធ្វើឡើងជាបន្តបន្ទាប់ ។ រដ្ឋាភិបាលប៉ាគីស្ថាន ក៏មានការឈឺចាប់ណាស់ដែរ សកម្មភាពរបស់យោធាឥណ្ឌានាពេលនេះ ហើយប្រកាសថា ខ្លួនមិនអាចនៅស្ងៀមឡើយ បើមានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ខូចខាតផលប្រយោជន៍ទ្រង់ទ្រាយធំរបស់ប៉ាគីស្ថាន ។
យន្តហោះចម្បាំងឥណ្ឌា 140 IAF ប្រុងជើងការជានិច្ចនៅបន្ទាត់ព្រំដែន ឃ្លាំមើលសកម្មភាពរបស់ពួកឧទ្ទាម ។ កាសែតឥណ្ឌា ABP Newsបានផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា កម្លាំងទាហានឥណ្ឌាបានកម្ទេចជំរុំលាក់ខ្លួនពួកឧទ្ទាមក្នុងទឹកដីប៉ាគីស្ថាន៣កន្លែង គឺនៅតំបន់ Balakot មួយកន្លែង, នៅ Chakoti មួយកន្លែង និងនៅ Muzaffarabad មួយកន្លែង ។ ប្រភពអះអាងថា ពួកភេរវកម្មប្រហែល២០០នាក់បាត់បង់ជីវិត ដោយការវាយប្រហារនេះ ៕
ដោយ៖ មែវ សាធី