លោក ឃួង ស្រេង៖ កោះហៅ ម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមកប្រជុំរឿងបញ្ហាហាមរថយន្តធំចូលក្រុង នៅពេលថ្ងៃ ត្រូវគោរពកធំម៉ោងពេលឲ្យច្បាស់ តាមកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការរិះគុណជាច្រើនពីមហាជន រឿង អាជ្ញាធរបណ្ដោយឲ្យរថយន្ដធន់ធំចូលក្រុងគ្មានសណ្ដាប់ធ្នាប់ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាញឹកញាប់នោះ លោកក៏បានកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ នៅក្នុងរាជធានីភ្នំពេញទាំងអស់មកប្រជុំ ដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្ត ធំៗចេញ ចូលក្នុងរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនេះ ។កិចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានី ។

ក្នុងកិច្ចប្រជុំនោះ លោកឃួងស្រេង បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ៖ ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះទៅគឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតិឱ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបានដោយកំណត់ពេលវេលាច្បាស់លាស់។ លោកឃួងស្រេងបានធ្វើការណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ អាចធ្វើចរាចរណ៍បាននៅម៉ោង ៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹកម៉ោង ២រសៀលនិងម៉ោង ៥ល្ងាចត្រូវផ្អាក់ការធ្វើចរាចរណ៍។

លោកឃួងស្រេង បានពន្យល់ថា៖ ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ង់ មិនអោយចូលក្នុងរាជធានីនៅ ពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ង់ត៍ជាក់ជាមិនខានឡើយ។ ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយអោយបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលានិងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ ។

លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ទាំងអស់ ចៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទគឺមិនអនុញ្ញាតិអោយចេញ ចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់គឺត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋរដ្ឋបាលរាជធានី។

សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុន ឡុកស៊ីម៉ងទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រនោះជុំ បានសម្រេច អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print