ភ្នំពេញ ៖ ក្រុមព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានចេញសេចក្តីជូនដំណឹងអោយដឹងថា ចាប់ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៦ខែមីនា ឆ្នាំ២០១៩នេះ ឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈក្រុមអ្នកព្យាករកឃើញថា សម្ពាធទាបលើផ្ទៃដីនៅតែបន្ត គ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកម្ពស់ខ្ពស់ ( ចាប់ពី៦០០-១៥០០ម៉ែត្រ) ដោយកម្ពុជា យើងទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ។
សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា សំណើមបរិយាកាសមានការប្រែប្រួលខ្លាំង (ពី៨៥-១០០ភាគរយ នៅពេលយប់ និងនៅពេលព្រឹកព្រលឹម មកនៅត្រឹមតែពី ២០-៣០ភាគរយ នៅពេលថ្ងៃពេញពន្លឺ) ។
យោងតាមការព្យាករអាកាសធាតុខាងលើនេះ ក្រុមអ្នកព្យាករអាកាសធាតុនៃក្រសួងធនធានទឹក និងឧតុនិយមអះអាងថា ៖
-កំណួចខ្យល់មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន ។ ផ្ទុយទៅវិញវាជាលក្ខខណ្ឌសមប្រកបសម្រាប់ការ កកើតឡើងនូវបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ។
-សីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងបន្ថែមទៀត (ស្ថិតក្នុងរង្វង់៣៧,៥អង្សាសេ) ហើយសប្តាហ៍បន្ទាប់នឹង បន្តកើនឡើងជាលំដាប់ រហូតដល់៤០-៤២អង្សាសេ នា ខែមេសា ដល់ ខែឧសភា ខាងមុខនេះ ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ខាងលើនេះផងដែរ ៕ ដោយ ៖ ជាយក្រុង