ក្រសួងធនធានទឹក ៖ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកំណួច​ខ្យល់មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានចេញសេចក្តីជូនដំណឹងអោយដឹងថា​ ចាប់ពីថ្ងៃទី២៨កុម្ភៈ​ដល់​ថ្ងៃ​ទី​៦ខែ​មីនា​ ឆ្នាំ​២០១៩នេះ​ ឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈក្រុមអ្នកព្យាករកឃើញថា សម្ពាធទាបលើផ្ទៃដីនៅតែបន្ត    គ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកម្ពស់ខ្ពស់ ( ចាប់ពី៦០០-១៥០០ម៉ែត្រ) ដោយកម្ពុជា យើងទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា សំណើមបរិយាកាសមានការប្រែប្រួលខ្លាំង (ពី៨៥-១០០ភាគរយ នៅពេល​យប់ និងនៅពេលព្រឹកព្រលឹម មកនៅត្រឹមតែពី ២០-៣០ភាគរយ នៅពេលថ្ងៃពេញពន្លឺ) ។

យោងតាមការព្យាករអាកាសធាតុខាងលើនេះ ក្រុមអ្នកព្យាករអាកាសធាតុនៃក្រសួងធនធានទឹក និងឧតុនិយម​អះអាងថា ៖

-កំណួចខ្យល់មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន ។ ផ្ទុយទៅវិញវាជាលក្ខខណ្ឌសមប្រកបសម្រាប់ការ កកើតឡើងនូវបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ។

-សីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងបន្ថែមទៀត (ស្ថិតក្នុងរង្វង់៣៧,៥អង្សាសេ) ហើយសប្តាហ៍បន្ទាប់នឹង បន្តកើនឡើងជាលំដាប់ រហូតដល់៤០-៤២អង្សាសេ នា ខែមេសា ដល់ ខែឧសភា ខាងមុខនេះ ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ខាងលើនេះផងដែរ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print