ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំ ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោក វេង សាខុន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបជាមួយលោក លូ ស៊ាង សេង អគ្គនាយករងនៃសហប្រតិបត្តិការអន្តរជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃកណៈកម្មការគ្រប់គ្រងធនធានទឹកទន្លេយ៉ាងសេ និងសហការី ដើម្បីពិនិត្យមើល ៖
1. សេចក្តីត្រូវការចាំបាច់ដែលត្រូវគ្រោងឡើងសម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងទៅនឹងកម្មវិធីបណ្តុះបណ្តាលនិស្សិតវិស្វករ និងជំនាញបច្ចេកទេសវ័យក្មេងជាអ្នកបន្តវេនក្រសួងធនធានទឹក និងឧតុនិយម និងសម្ភានិងឧបករណ៍សម្រាប់បំពាក់ឲ្យដល់មន្ទីរពិសោធន៍នានា នៅក្នុងវិទ្យស្ថានជាតិធនធានទឹកដែលនឹងត្រូវបង្កើតនាពេលដ៏ខ្លីខាងមុខនេះ នៅកម្ពុជា ។
2. ការពិនិត្យមើលឡើងវិញទៅលើទិន្នន័យចាំបាច់មួយចំនួន និតិវិធី និងយន្តការដែលត្រូវប្រកាន់យកដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការមេរយៈពេលវែងនៃការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ។
3. ពិនិត្យមើលស្ថានភាពទូទៅ នៃការគ្រប់គ្រង និងប្រើប្រាស់ទឹកទន្លេមេគង្គ និងបឹងទន្លេសាប ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ លោក វេង សាខុន បានដឹកនាំប្រតិភូក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជាដែលមានសមាជិកអមដំណើរចំនួន៥នាក់ បានពិភាក្សាការងារ និងការផ្លាស់ប្តូរទស្សនៈគ្នាទាក់ទងទៅនឹងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យធនធានទឹក ជាមួយប្រធានគណកម្មការធនធានទឹកទន្លេយ៉ាងសេ និងវិទ្យាស្ថាន សិក្សាគ្រោងប្លង់ ការរៀបចំផែនការនិងស្រាវជ្រាវនៃទន្លេយ៉ាងសេ ហើយនិងវិទ្យាស្ថាន ស្រាវជ្រាវវិទ្យាសាស្ត្រនៅទីក្រុងវូហាន ខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន ។
លើសពីនេះទៅទៀត ការពិភាក្សាក៏បានផ្តោតទៅលើ៖ 1. ការរៀបចំផែនការមេនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក រយៈពេលមធ្យម និងវែងនៅកម្ពុជា ។ 2. ការកសាងផែនការសកម្មភាពក្នុងការបង្កើតវិទ្យាស្ថានធនធានទឹកនៅកម្ពុជា ។ ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សការងារនេះមក គណប្រតិភូកម្ពុជារួមដំណើរដោយតំណាងក្រសួងធនធានទឹកចិន និងគណកម្មការធនធានទឹកទន្លេយ៉ាងសេ បានអញ្ជើញទៅពិនិត្យមើលពីលក្ខណបច្ចេកទេសនៃការកសាងសង់ប្រព័ន្ធទំនប់ការពារទឹកជំនាន់ក្នុងតំបន់ទន្លេយ៉ាងសេ សំណង់សិល្បការ និងទំនប់វារីអគ្គិសនី Three Gorges Dam ដើម្បីពិនិត្យមើល និងស្វែងយល់នូវបច្ចេកទេសថ្មីៗផងដែរដែលបាននឹងកំពុងអនុវត្តន៍៕
ដោយ៖ ហេង សូរិយា