ខេត្តកណ្តាល៖ សិល្បករជាច្រើនកុះករបានបង្ហាញវត្តមានក្នុងពិធីឡើងភូមិគ្រឹះថ្មីរបស់ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿន នាស្រុកមុខកំពូលខេត្តកណ្តាល។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩កន្លងទៅ។
លោក កុយ ស៊ីឌឿន ដែលគេស្គាល់ថាជាក្មេងកំព្រាដែលមានប្រវត្តិប្រឹងប្រែងតស៊ូខ្លាំងក្នុងជីវិត រហូតក្លាយជាពិធីករ និងអគ្គនាយកវិទ្យុ អ្នកជំនួញផ្នែកគ្រឿងសម្អាង និងក្លាយជាទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ ពិធីឡើងភូមិគ្រឹះថ្មីប្រណីតនេះដែរបង្កើតឲ្យមានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងពីសំណាក់មិត្តរួមអាជីព ពិសេសសិល្បករសិល្បការិនីផងដែរ។
ក្រៅពីជោគជ័យក្នុងមុខជំនួញ និងការងារ លោកត្រូវបានសិល្បករជាច្រើនស្រលាញ់ចូលចិត្ត ខណៈដែលលោកតែងចុះសាកសួរ សុខទុក្ខ និងជួយជាកម្លាំងចិត្តជានិច្ចជាមួយសិល្បករដែលជួបការលំបាក ។ លោកក៏ធ្លាប់បង្កើតកម្មវិធីសប្បុរសធម៌ជាច្រើនបន្តបន្ទាប់ដូចជាជួយដល់ក្មេងកំព្រា ជនទីទលក្រជាដើម ។
សិល្បករដែលបានចូលរួមក្នុងពិធីឡើងភូមិគ្រឺះ លោក កុយ ស៊ីឌឿនមានទាំងតារាសម្តែង នាយក្រឹម នាង កាតុ នាង ប៉េង ម៉ោង កញ្ញា យេៗ នាយចយ នាងកាឆយជាដើម ខណៈដែលតារាសម្តែងនិងតារាចម្រៀងជាច្រើនក៏បានបង្ហាញវត្តមានក្នុងឱកាសនោះផងដែរ ដូចជា លោក ម៉ែន ចំរ៉ុង អ្នកស្រី ចាន់ តារាទី លោក ជ័យ សុវ៉ាត លោក ដុកទ័រិទ្ធិ លោក គុន រៀមរតនៈជាដើម។
ក្រៅពីការរៀបចំពិធីជប់លៀងនិងសម្តែងទស្សនីយភាពសម័យចំរុះ លោក កុយ ស៊ីឌឿន ក៏បានផ្តល់ឱកាសឲ្យសិល្បករវ័យក្មេងផ្នែករបាំបុរាណ និងរបាំប្រជាប្រិសសម្តែងក្នុងឱកាសនោះជូនភ្ញៀវទស្សនាផងដែរ៕ ដោយ វឌ្ឍនា