មនុស្សប្រមាណ៣ម៉ឺននាក់ ធ្វើឲ្យព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ ផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ សាខាសែនសុខ និងផ្សារទំនើប The Heritage Walk នៅក្នុងខេត្តសៀមរាប សុទ្ធសឹងជាកន្លែងផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្របពេលដែលអ្នកប្រើប្រាស់កម្មវិធី Pi Pay (ផាយ ផេ) មានរហូតដល់ទៅ៣ម៉ឺនាក់ បានចូលរួមអបអរព្រឹត្តិការណ៍ Pi Pay Day ដោយបានចំណាយប្រាក់ច្រើនជាង៣លានដុល្លារអាមេរិក ទៅលើទំនិញ និងអាហារផ្សេងៗជាច្រើនដូចជា ស្បែកជើង កាហ្វេ គ្រឿងអេឡិចត្រូនិក និងភីហ្សា។

Pi Pay Day គឺជាការអបអរប្រចាំឆ្នាំរបស់ Pi Pay និងបដិវត្តន៍ទូទាត់មិនប្រើក្រដាសប្រាក់របស់ក្រុមហ៊ុននេះ នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំទី១ កាលពីឆ្នាំ២០១៨ ទទួលបានកំណើនច្រើនជាង ២០០០% ទៅលើការទូទាត់តាមរយៈ ផាយ ផេ នៅផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ ស្របពេលអ្នកដើរផ្សារជាច្រើនបានប្រជែងគ្នាដើម្បីរីករាយនឹងការបញ្ចុះតម្លៃលើទំនិញជាទូទៅ និងការផ្តល់ជូនតម្លៃយ៉ាងពិសេសជាច្រើន។

 អ្នកមានសំណាងម្នាក់ ក៏ត្រូវបានប្រកាសថា ជាអ្នកឈ្នះប្រាក់រង្វាន់ ៣១៤០០ដុល្លារអាមេរិក ក្រោយពីបានចូលរួមក្នុងកម្មវិធីរាប់ថយក្រោយរបស់ព្រឹត្តិការណ៍ ផាយ ផេនោះផងដែរ។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា នៅថ្ងៃនេះ ព្រឹត្តិការណ៍នេះ នឹងត្រូវពង្រីកទៅកាន់ទីតាំង៣ ដើម្បីឈានទៅដល់ពលរដ្ឋកាន់តែច្រើន ដោយមានការបញ្ចុះតម្លៃដល់ទៅ ៣១,៤% ចំពោះពាណិជ្ជកររបស់ ផាយ ផេ ដែលចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញឲ្យឃើញបន្ថែមទៀត​ពីទីតាំងរបស់ ផាយ ផេ ក្នុងនាមជាកម្មវិធីផ្តល់ការទូទាត់មិនប្រើក្រដាស់ប្រាក់ឈានមុខគេរបស់កម្ពុជា។

លោកបានឲ្យដឹងថា៖ «ព្រឹត្តិការណ៍ Pi Pay Day កាលពីឆ្នាំមុន ទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់ ហើយក្រោយពីការរីកចម្រើន និងការពង្រីកខ្លួនរយៈពេល១ឆ្នាំពេញ ខ្ញុំពិតជារីករាយណាស់ដែល Pi Pay Day ក្នុងឆ្នាំ២០១៩ បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ និងពាណិជ្ជករជាច្រើន»។ លោកផូកូនី បានបន្ថែមទៀតថា៖ «ស្របពេលដែលយើងបានបន្តបង្ហាញពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងកន្លែងជាច្រើនបន្ថែមទៀតទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែគាំទ្រដល់បដិវត្តន៍ផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា និងផ្តល់ជូនមធ្យោបាយថ្មីមួយសម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ក្នុងការចំណាយ សន្សំ និងផ្ទេរប្រាក់»

ក្រោយពីបានពង្រីកបណ្តាញរបស់ខ្លួនទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ កាលពីឆ្នាំមុន ក្រុមហ៊ុន ផាយ ផេ បានផ្តល់ការគាំទ្រការទូទាត់មិនប្រើក្រដាសប្រាក់ឥតឈប់ឈរសម្រាប់ពាណិជ្ជករទូទាំងខេត្តក្រុងសំខាន់ៗទាំងនេះ និងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាដៃគូទូទាត់ប្រាក់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដូចជា AliPay និង WeChat។ ភ្ញៀវបរទេសជាច្រើន ជាពិសេសមកពីប្រទេសចិន ឥទ្បូវនេះអាចរីករាយនឹងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា ដោយមិនចាំបាច់យកប្រាក់តាមខ្លួន ឬក៏ប្តូររូបិយប័ណ្ណរបស់ប្រទេសកំណើតខ្លួនទៅជាដុល្លារអាមេរិក ឬប្រាក់រៀលឡើយ។ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩ អ្នកប្រើប្រាស់ ផាយ ផេ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងប្រាក់រង្វាន់ប្រចាំថ្ងៃ។ ដោយគ្រាន់តែធ្វើការដាក់លេខកូដក្នុងកម្មវិធី Pi Pay អ្នកប្រើប្រាស់ទទួលបាននូវឱកាសនៃការផ្សងសំណាងប្រាក់រង្វាន់ ៣១៤ដុល្លារអាមេរិកប្រចាំថ្ងៃ ៣១៤០ដុល្លារប្រចាំសប្តាហ៍ និងរង្វាន់ធំ ៣១៤០០ដុល្លារ សម្រាប់រាល់ការផ្ទេរប្រាក់ចាប់ពី ១ដុល្លារ ទ្បើងទៅតាមរយៈកម្មវិធី ផាយ ផេ។

ពាក្យ «ផាយ (Pi)» គឺជាប្រមាណវិធី គណិតវិទ្យាដែលត្រូវបានប្រើប្រាស់ដើម្បីគណនាចំណុច ឬបរិមាត្ររង្វង់មួយពីកាំរង្វង់នោះ ហើយលេខកាត់សម្រាប់ពាក្យនេះគឺ ៣.១៤ ឬខែមីនា ទី១៤ ដើម្បីបង្កើតឲ្យថ្ងៃដ៏ល្អឥតខ្ចោះសម្រាប់ ផាយ ផេ ក្នុងការអបអរជាមួយនឹងអ្នកប្រើប្រាស់ និងពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print