ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះ នៅវត្តញាណរង្សីបានរៀបចំពិធីស្រង់សុគន្ធវារីប្រគេនព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិ អនុគណខណ្ឌ និងជាព្រះចៅអធិការ វត្តញាណរង្សី ។ នៅក្នុងពិធីនេះដែរក៏មានការយាងចូលរួមពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងមានការយាងនិងចូលរួមពីសម្ដេចព្រះមហាសុ មេធាធិបតី កិត្ដិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសម្តេចព្រះរាជាគណៈ ព្រះតេជគុណ ព្រះថេរានុត្ថេរៈនិងពុទ្ធបរិស័ទជាច្រើនអង្គនាក់។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស មានសង្ឃដីកាថា ពិធីស្រង់សុគន្ធវារីប្រគេនព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិ អនុគណខណ្ឌ និងជាព្រះចៅអធិការ វត្តញាណរង្សី នេះ គឺធ្វើឡើងទៅតាមគន្លង នៃវិន័យព្រះសម្មាសាម្ពុទ្ធ ជាព្រះបរម្យគ្រូនៃយើង បានចងក្រងជាគម្ពីបិដកឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ទាំងតាមផ្លូវព្រះធម៌ និងផ្លូវលោកពុទ្ធចក្រ និងអាណាចក្រ រួមនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយជ្រកក្រោមម្លប់តែមួយ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាសាសនារបស់រដ្ឋ។នៅក្នុងពិធីស្រង់សុគន្ធវារីខាងមុខនេះ ក៏បានបង្ហាញនូវព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងការដឹកនាំព្រះសង្ឃក្នុងទីវត្ត ដែលជាភារកិច្ចរបស់ ព្រះគ្រូចៅអធិការវត្តនីមួយៗ ត្រូវគោរពប្រតិបត្តិនូវនាយកធម៌ ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និងគ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ ដោយប្រកាន់នូវធម៌ខន្តី។
លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ពិធីប្រគេនព្រះសុគន្ធវារីនាពេលនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃសម្តេចសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែខិតខំយកចិត្តទុកដាក់ដឹកនាំមិនខ្លាចនឿយហត់ទាំងកម្លាំងកាយចិត្ត ។ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ដោយព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឲ្យចេះសណ្តោសប្រណៃ អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នា កសាងកុសល ផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ។
តាមព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានបំពេញការងារច្រើនយ៉ាងស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ជាក់ស្តែងព្រះសង្ឃបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឲ្យមានភាពត្រកុំត្រកាលឡើង។
យើងទាំងអស់គ្នាពិតជាចងចាំយ៉ាងច្បាស់ថា ទ្រឹស្តី ច្បាប់ គោលមាគ៌ាទាំងឡាយរបស់ព្រះពុទ្ធសាសនា បានដក់ជាប់ក្នុងផ្នត់គំនិតប្រជាជនយើងជាយូរលង់ណាស់មកហើយ គ្រាន់តែមានការរីកចម្រើន ឫអន់ថយទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។
លោកជា ពិសី បន្តថា ព្រះសង្ឃទាំង១៩៣អង្គ ដែលកំពុងគង់នៅតាមវត្តទាំង៥ក្នុងខណ្ឌឫស្សីកែវ រួមជាមួយ គណះកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទបានពង្រឹងការប្រតិបត្តិជំរុញការកសាងសំណង់នានា ជាប្រយោជន៍ព្រះពុទ្ធសាសនា និងរួមចំណែកលើការងារសង្គមក្នុងលទ្ធផលគួរឲ្យលើកទឹកចិត្ត។
លោកជា ពិសី បន្តទៀតថា វត្តញាណរង្សី យើងកត់សម្គាល់ឃើញថា ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជោតិ ក្នុងនាមជាចៅអធិការវត្ត ព្រះអង្គបានខិតខំជំរុញការកសាងវត្ត ដូចមានសមិទ្ធផលនានាស្ថិតនៅចំពោះមុខនេះស្រាប់។ សមរាប់រយះពេលចុងក្រោយនេះព្រះអង្គបានផ្តើមកសាងឧបដ្ឋានសាលាថ្មីមួយខ្នងមានទំហំ ២៨ម៉ែត្រ x៨៨ម៉ែត្រ មានតម្លៃប្រមាណជាង១លានដុល្លារ សហរដ្ឋអាមេរិច។ ផ្អែកលើស្នាដៃនេះព្រះអង្គត្រូវបានតែងតាំងជាព្រះអនុគណពេញសិទ្ធ ស្រង់សុគន្ធវារី និងប្រកាសជាផ្លូវការនាពេលនេះ។
លោកអភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ទៀតថា ដើម្បីឲ្យក្រុមការងារសាលាអនុគណខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជោតិ ជាព្រអនុគណ សំដៅធ្វើឲ្យព្រះពុទ្ធសាសនាក្នុងខណ្ឌកាន់តែមានការរីកចំរើនឈានទៅរួមចំណែកលើការងារសង្គមផង ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ នៅគ្រប់វត្តត្រូវសហការជាមួយសាលាអនុគណខណ្ឌ ប្រមូលផ្តុំទស្សនះ យោបល់ អនុសាសន៍ល្អៗ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង នាំមកនូវសារះប្រយោជន៍ សម្រាប់វត្យនីមួយៗ សម្រាប់ព្រះពុទ្ធសាសនា និងសង្គមនៅក្នុងខណ្ឌទាំងមូល។
លនេះវិស័យពត៌មានវិទ្យាមានការរីកចំរើន គេនិយមប្រើប្រាស់គ្រប់រួមទាំងព្រះសង្ឃផងដែរ។សាលាអនុគណត្រូវរួមគ្នាគិតពិចារណាក្នុងនាមព្រះពុទ្ធសាសនិក មិនត្រូវបង្ហោះរូបភាព ឫខ្លឹមសារណាដែលមិនគួរគប្បី ប៉ះពាល់ដល់តម្លៃ និងជំនឿព្រះពុទ្ធសាសនានោញទេ ៕ អរុណរះ