ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់កាលពីថ្ងៃ១៥ខែមីនានេះបន្ទាប់ពីបុរសម្នាក់ដែលត្រូវជាបងបង្កើត របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានអះអាងថាមានតារាសម្ដែងម្នាក់ឈ្មោះ លីឡាវីន និងបក្ខពួក បានប្រើប្រាស់អំពើហិង្សា លើខ្លួន បណ្តាលឲ្យរងរបួស បែកក្បាល និងបានយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក iphone x ទៅបាត់ទៀត។
ការលើកឡើងនេះបាន បង្កអោយមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ច នាវេលាម៉ោង ៨ យប់ថ្ងៃទី ១៥ ខែមិនាឆ្នាំ ២០១៩ នេះ នៅចំណុចហាងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលស្ថិតនៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសខាងលើបានបញ្ជាក់ថា លោកបានធ្វើដំណើរមកទទួលអាហារនៅហាងខាងលើកាលពីវេលាម៉ោងប្រមាណ៧ និង១៥នាទី ក្រោយអង្គុយផឹកស៊ីមិនបានមួយសន្ទុះមិនទាន់អស់ស្រាបៀរមួយដបផងស្រាប់តែ តារាសម្តែង នីឡាវីន និងបក្សពួក៣នាក់ផ្សេងទៀតមកព្រួតវាយពីក្រោយដោយវាយនឹងមួកការពា រ និងកៅអីក្នុងហាងរហូតធ្វើឲ្យលោកបែកក្បាល ។
លោកថាខណៈពេលវាយនោះក្រុមបង្កបានរើសទូរស័ព្ទដៃមួយគ្រឿងដែលលោកបានជ្រុះចេញទៅបាត់ទៀត ។ លោកបញ្ជាក់ថា ខណៈនោះលោកមិនបានដឹងខ្លួនសោះថាមានរឿងអ្វីកើតឡើងហើយលោកក៏មិនមានទំនាស់ជាមួតតារាសម្តែងខាងលើនោះដែរ។ គេក៏បានឃើញវត្តមានតារាសម្តែង បេនីយ៉ាំងធ្វើដំណើរទៅដល់កន្លែងកើតហេតុទាំងយប់ភ្លាមៗក្រោយពីមានការខលប្រាប់ពីសាច់ញាតិនោះ។
ក្រោយពីកើតហេតុអ្នកដែលរងគ្រោះ ដោយត្រូវគេបក្ខពួក តារាសម្តែង លីឡាវិន វាយបែកក្បាលនោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីសុំធ្វើការទៅតាមផ្លូវច្បាប់ ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់ តារាសម្តែង លីឡាវិន បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។
ទោះជាយ៉ាងណារឿងរ៉ាវនេះត្រូវបានគេលើកឡើងថាកើតឡើងព្រោះរឿងគំនុំ ខណៈដែលកន្លងទៅតារាសម្តែង លីឡាវិននិងបេនី យ៉ាំងធ្លាប់មានជម្លោះហែកហួរគ្នាយ៉ាងខ្លាំងកាលពីអំឡុងខែកក្កដាឆ្នាំ២០១៨។ ជម្លោះហែកហួររឿងអាស្រូវគ្នាទៅវិញទៅមកស្ទើសុះសាច់នោះ បានធ្វើឲ្យមហាជនរិះគន់តារាស្រីទាំងពីយ៉ាងចាស់ដៃថាពួកគេគ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សស្រី និងជាអ្នកសិល្បៈ៕ ដោយ វឌ្ឍនា