update : ជម្លោះរវាងតារាសម្តែងស្រី ២រូប ឈានដល់ប្រើហិង្សាលើបងប្រុសតារាសម្តែង បេនី យុាំងនិងយកទូរស័ព្ទមួយគ្រឿងទៅបាត់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវជាបងបង្កើត របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានអះអាងថាមានតារាសម្ដែងម្នាក់ឈ្មោះ លី ឡាវីន និងបក្ខពួក បានប្រើអំពើហឹង្សា លើខ្លួន បណ្តាលឲ្យរងរបួស បែកក្បាល និងបានយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក iphone x ទៅបាត់ទៀត។ ហេតុការណ៍នេះបង្កអោយមានភ្ញាក់ផ្អើល កាលពីម៉ោង៨ យប់ថ្ងៃទី ១៥ ខែមិនាឆ្នាំ ២០១៩ នេះ នៅចំណុចហាងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បងបង្កើត របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានឲ្យដឹងថា លោកបានធ្វើដំណើរមកទទួលអាហារនៅហាងមួយនេះហើយបានអង្គុយផឹកស៊ីមួយសន្ទុះមិនទាន់អស់ស្រាបៀរមួយដបផងស្រាប់តែ តារាសម្តែង លី ឡាវីន និងបក្សពួក៣នាក់ផ្សេងទៀតមកព្រួតវាយពីក្រោយដោយវាយនឹងមួកការពារ និងកៅអីក្នុងហាងរហូតធ្វើឲ្យលោកបែកក្បាល ។

លោកបន្តថា ខណៈវាយនោះក្រុមបង្កបានរើសទូរស័ព្ទដៃមួយគ្រឿងដែលលោកបានជ្រុះចេញទៅបាត់ទៀត។ លោកបញ្ជាក់ថា ខណៈនោះលោកមិនបានដឹងខ្លួនសោះថាមានរឿងអ្វីកើតឡើងហើយលោកក៏មិនមានទំនាស់ជាមួតតារាសម្តែងនោះដែរ។ គេក៏បានឃើញវត្តមានតារាសម្តែង បេនីយ៉ាំងធ្វើដំណើរទៅដល់កន្លែងកើតហេតុទាំងយប់ភ្លាមៗក្រោយពីមានការខលប្រាប់ពីសាច់ញាតិនោះ។

ក្រោយពីកើតហេតុអ្នកដែលរងគ្រោះ ដែលត្រូវបក្ខពួក តារាសម្តែង លីឡាវិន វាយបែកក្បាលនោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីសុំធ្វើការទៅតាមផ្លូវច្បាប់ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់ តារាសម្តែង លីឡាវិន បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។

ទោះជាយ៉ាងណារឿងរ៉ាវនេះត្រូវបានគេលើកឡើងថាកើតឡើងព្រោះរឿងគំនុំ ខណៈដែលកន្លងទៅតារាសម្តែង លីឡាវិននិងបេនី យ៉ាំងធ្លាប់មានជម្លោះហែកហួរគ្នាយ៉ាងខ្លាំងកាលពីអំឡុងខែកក្កដាឆ្នាំ២០១៨។

ជម្លោះហែកហួររឿងអាស្រូវគ្នាទៅវិញទៅមកស្ទើសុះសាច់នោះ បានធ្វើឲ្យមហាជនរិះគន់តារាស្រីទាំងពីរ យ៉ាងចាស់ដៃថា ពួកគេគ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សស្រី និងជាអ្នកសិល្បៈ៕ ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print