រត់ការលក់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក្រោមរូបភាព ឆ្នាំងមាស ដូរយកឆ្នាំងដី?

ចែករំលែក៖

ភ្នំពេញ ៖ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខមានតម្លៃប្រមាណជិត២លានដុល្លារ ត្រូវបានគេរត់ការលក់បាត់ទៅហើយក្រោមរូបភាពដោះដូរ«យកឆ្នាំមាសដូរយកឆ្នាំងដី»ហើយសល់លុយចែកគ្នា ហើយ គ្រោង នឹងដេញមន្រ្តីនគរបាលចេញពីទីតាំងនោះទៅនៅទីតាំងថ្មី ដែលបានធ្វើរួចរាល់ហើយនោះ ។មិនថា តែនគរបាលនោះទេ សូម្បីតែតែខ្មោច ជីដូនជីតាម្ចាស់ដីចាស់ ដែលកប់នៅក្នុងបរិវេណដីស្នាក់ការប៉ុស្តិ៍៍ នោះ ក៍អ្នកទិញដីនោះបានគាស់កកាយនិងសូត្រមន្តបណ្តេញចេញហើយយកសពទៅដាក់ក្នុងដីសមាគមនៅក្នុងពោធិ៍សែនសែនរួចទៅហើយដែរ។

ដីស្នាក់ការនគរបាល នោះ ត្រូវបានគេដឹងថា ក្បាលមានទំហំប្រមាណ២៥ម៉ែត្រ គុណ៣០ម៉ែត្រ ស្ថិតនៅតាមផ្លូវ ភ្នំពេញហាណូយ ខាងជើង ស្ពានអាកាសផ្សារដីហុយ ប្រមាណជាង២០០ម៉ែត្រ ។ដីនេះ ត្រូវគេដឹងថា ជាដីត្រូវប៉ាន់នៅផ្លូវធំ មានតម្លៃ ប្រមាណជិត២លាន់ ដុល្លារ ដែល ក្រុមហ៊ុន និងអ្នកមានទ្រព្យស្តុកស្តម្ភបានព្យាយាមរកខ្សែពួររត់ការលេបត្របាក់យកជាយូរមកហើយ តែមិនបានសម្រេច តែនេះ ប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅ។

ការលក់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះ ធ្វើអោយមន្រ្តីនគរបាលប៉ុស្តិ៍ ក៍មានប្រតិកម្មផងដែរតែហាក់មិនហ៊ានចេញស្តី ព្រោះបើមិនមានភ្លើងខៀវពីមេៗឬថ្នាក់ក្រសួងនោះទេប្រហែលជាមិនអាចទៅរួចនោះទេ។

តាមនគរបាលម្នាក់បានលួចបង្ហើបអោយដឹងថា ស្នាក់ការប៉ុស្តិ៍ទឹកថ្លានេះ ត្រូវបានគេចរចារគ្នាត្រូវរួចហើយ ដោយខាងក្រុមហ៊ុន ក៍បានទំលាក់លុយ ទិញដីថ្មី ទំហំប្រមាណ១០ម៉ែត្រគុណ២០ម៉ែត្រ ក្នុងតម្លៃប្រមាណជា១០ម៉ឺនដុល្លារនៅក្រលៀតផ្លូវទល់មួយកន្លែងស្ថិតផ្ទះលេខ៣៣៨ផ្លូវលំភូមិចុងថ្នល់ខាលិច ហើយ បានធ្វើអគារស្នាក់ការថ្មី រួចរាល់ហើយ ។ចំណែក ផ្នូរខ្មោច នៅក្នុងប៉ុស្តិ៍ ទឹកថ្លាក៍ត្រូវបានកកាយយកចេញអស់ហើយដែរ ។ទោះបីជាយ៉ាងណា គេពុំដឹងថាអ្នកដែលមានសំណាងឈ្មោះអ្វីនោះទេ។

តាមព័ត៌មានបានអោយដឹងទៀតថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ តែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជិត២០ម៉ឺនដុល្លារ នៅសល់អាចធ្លាក់ទៅលើបុគ្គល តែរហូតមកដល់ពេលនោះ មន្រ្តីនគរបាល នៅប៉ុស្តិ៍ទឹកថ្លាមិនទាន់បានចំណែកនៅឡើយនោះទេ។ការដោះដូរស្នាក់ការ នេះត្រូវបានគេអះអាងថា ថ្នាក់លើរត់ការលក់ចែកគ្នា ក្រោមរូបភាពដោះដូរឆ្នាំងមាសដូរយកឆ្នាំដី។

តាម មន្រ្តីសង្កាត់ទឹកថ្លា បានអោយដឹងថា ដីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថា ដើមឡើយ ជាដីស្នាក់ការភូមិ ទឹកថ្លា ។នៅកំឡុងឆ្នាំ ១៩៨០ជាងលោកប៊ី សំហេង ដែលជាអតីតមេប៉ុស្តិ៍ទឹកថ្លា គាត់ក៍បានសុំទៅស្នាក់នៅបណ្តោះអាសន្នក្រោយមកអតីតមេប៉ុស្តិ៍ក៍បានធ្វើបញ្ជីទៅក្រសួងដាក់ដីនោះជាទ្រព្យសម្បត្តិក្រសួង ។ កាលនោះ លោក ណុប ណន អតីតមេភូមិ ក៍បានតវ៉ា ទាមទារមកវិញបានមួយចំណែកទំហំក្បាល៥ម៉ែត្រ តែគាត់បានស្លាប់ទៅដីនោះក៍ធ្លាក់ទៅជាដីរបស់ប៉ុស្តិ៍ ទឹកថ្លារហូតមក តែពេលនេះត្រូវបានគេរត់ការលក់បាត់ហើយ និងគ្រោងដេញមន្រ្តីនគរបាលប៉ុស្តិ៍ ទៅនៅទីតាំងថ្មីដែលធ្វើរួចហើយ ។

លោកវរះសេនីយ៍ឯក ហួរ ម៉េង វ៉ាងអធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ការដោះដូរ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានេះ គឺមានលិខិតពីក្រសួង ហើយលោកពុំបានដឹងថាថ្នាក់លើ បានអោយនគរបាលប៉ុស្តិ៍ ទៅនៅស្នាក់ការថ្មីនៅពេលណានោះទេ ។

លោក អធិការក៍បានបញ្ជាក់ថា មិនមែនលក់ទេ គីដោះដូរហើយ ទីតាំងថ្មីជាទីតាំងគំរូរសម្រាប់ប៉ុស្តិ៍ផ្សេងៗទៀតផងដែរ ។ទោះបីជាយ៉ាងណា គេរិះគន់ថា នាំគ្នា រត់ការលក់ដីមាស ដីពេជចែកគ្នា បែជាទីទៅដីថោកផ្លូវទល់ កៀនកោះប្រជាពលរដ្ឋរកមិនឃើញ ហើយ ប្រើពាក្យដោះដូរ ដើម្បីយកលាភសការះហាហា? ៕ ដោយ ៖ សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print