ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុម Harbour Real Estate
លោក Chen Qiuxong បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេសកម្ពុជា 5 ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។ លោក Chen បានបានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ សម្ដេចតេជោ កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនអោយចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៍របស់សម្តេចតេជោ ដែលកំពុងជួយពលរដ្ឋក្រីក្រ ជាពិសេសថ្មីៗនេះ គឺសម្តេចតេជោ បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅថ្ងៃនេះ សម្តេចបានបញ្ជាក់ប្រាប់ទៅ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕
ដោយ៖ សុខ ខេមរា