ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៏របស់កាកបាទក្រហមកម្ពុជា រាជធានីចែកជូនប្រជាពលរដ្ឋ៥១គ្រូសារ ដែលរងគ្រោះដោយសារភ្លើងឆះផ្ទះ កាលរសៀលថ្ងៃទី១៨មីនា ឆ្នាំ២០១៩ វាលាម៉ោង២,៣០នាទីកន្លងមកនេះ ដោយសារឆ្លងចរន្ដអគ្គិសនី ស្ថិតនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពិធីផ្ដល់អំណោយមនុស្សធម៏នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ឌ១៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ មីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ អំណោយដែលនាំយកមកជូនប្រជាពលរដ្ឋនៅពេលនេះរួមមានអង្ករ ៣០គីឡូក្រាម ,មីមួយកេស,ត្រីខ១០កំប៉ុង,ទឹកត្រីមួយយួរ ,ទឹកសុទ្ធមួយកេស, ទឹកដោះគោប្រាំកំប៉ុង, ស្កសរមួយគីឡូក្រាម ,ទឹកក្រូចដប់កំប៉ុង ,តែប្រាំកញ្ចប់, តង់មួយ,ឆ្នាំងដាំបាយមួយ,ធុងទឹកមួយ និងថវិកា ៥មុឺនរៀល ក្នុង១គ្រួសារផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនដែលងាយរងគ្រោះនិងជនរងគ្រោះដោយប្រការផ្សេងមិនមានការរើសអើងឡើយ។ ជាក់ស្ដែងនៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈសាខាកាកបាទក្រហម រាជធានីភ្នំពេញបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យទាំង៥១គ្រួសារនាពេលនេះ ។
លោកបន្ដថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានណែនាំឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ចុះតាមដានមើល ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ។ ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជម្រាបដល់ប្រជាពលរដ្ឋទាំងអស់ថា៖ បើសិនជាប្រជាពលរដ្ឋណាម្នាក់មានបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ បងប្អូនអាចទៅទំនាក់ទំនងនៅគណបក្សសង្កាត់ គណបក្សខណ្ឌក៏ដូចជា គណបក្សរាជធានីដើម្បីឲ្យមន្ត្រីរបស់យើង ជួយអន្តរាគមន៍ ។
ពាក់ព័ន្ធនឹងការឆាបឆេះដោយអគ្គីភ័យនាពេលនេះលោកឃួងស្រេងបានក៏បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំង៥១គ្រួសារ ។
លោកបញ្ជាក់ថា៖ កាលដែល អគ្គីភ័យឆាប់ឆេះរហូតដល់ ៥១គ្រួសារនេះគឺដោយសារតែផ្លូវមានលក្ខណៈចង្អៀតយើងមិនអាចចូលរថយន្តពន្លត់អគ្គីភ័យបានទាន់ពេលទើបបណ្ដាលឲ្យមានការរាលដាលឆេះរហូតដល់អស់រាប់សិបខ្នងបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានអំពាវនាវឲ្យប្រជាប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាក់ចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនីក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គីភ័យនេះ វាធ្វើអោយគ្រួសារយើងវិនាសហិនហោចទាំងផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកគឺពោលថាស៊ូលិចទូកកណ្ដាលទន្លេ កុំអោយភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។
សូុមបញ្ជាក់ថា៖ កាលពីថ្ងៃម្សិលមិញម៉ោងប្រមាណជិត៣រសៀល អគ្គីភ័យបានឆាបឆេះផ្ទះអ្នកភូមិប្រមាណ ៥១គ្រួសារ ដែលមិនទាន់រកឃើញមកពីមូលហេតុឆាបឆេះនៅឡើយ។ តែអ្នកខ្លះថា (ដោយសារទុះសេខ្សែភ្លើង)
សមត្ថកិច្ចបង្ក្រាបអគ្គីភ័យបានប្រើប្រាស់រថយន្តពន្លត់អស់១៨រថយន្តផងដែរ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕
ដោយ៖ សំរិត