ខេត្តសៀមរាបៈ តាមរយៈហ្វេសប៊ុករបស់ជនជាតិជប៉ុន លោក អាគីហ៊ីរ៉ូ កាតូ(Akihiro Kato) ម្ចាស់ក្លឹបបាល់ទាត់ ខេមបូឌាន ថៃហ្គ័រ (Cambodia Tiger )បានឲ្យដឹងនាពេលថ្មីនេះថា លោក បានចំណាយប្រាក់ចំនួន ៤០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមគ្រួសារសព ជនរង គ្រោះ ដែលបាត់បង់ជីវិត ដោយជនជាតិជប៉ុនពីរនាក់សម្លាប់ប្លន់យករថយន្តនៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ។
លោក អាគីហ៊ីរ៉ូ កាតូ បានសរសេរក្នុងទំព័រហ្វេសប៊ុកថា យើងបានបរិច្ចាគថិវកាចំនួន៤០០០ ដុល្លារជូនដល់ក្រុមគ្រសារសព។ សូមអរគុណមិត្តភក្តិ
នៅក្នុងហ្វេសប៊ុករបស់លោក (Akihiro Kato) ក៏បានបង្ហាញរូបថតក្រុមគ្រួសារជនរងគ្រោះទទួលប្រាក់ចំនួន ៤០០០ដុល្លារ ពីលោក (Akihiro Kato) ក្នុងមនោសញ្ចេតយោគយល់ ខណៈ ដែលម្ចាស់ក្លឹបមួយនេះបានសុំទោសដល់គ្រួសារជនរងគ្រោះ ជំនួសប្រជាពលរដ្ឋជប៉ុន រាប់ លាននាក់ចំពោះទង្វើមិនគួរអត់អោនរបស់ជនសង្ស័យជាជនចាតិជប៉ុនទាំង២នាក់នេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩ មានជនជាតិជប៉ុន២នាក់អារកសម្លាប់អ្នករត់តាក់ស៊ីនៅលើកំណាត់ផ្លូវជាតិលេខ ៦Aត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិត ក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្ត សៀមរាបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ជនសង្ស័យ២ នាក់ជាជនជាតិជប៉ុន ទី១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជាភ្ញៀវ បរទេសបានចូលមកកម្ពុជា ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩ តាមច្រកប៉ោយប៉ែតរួចមកកាន់ ក្រុងសៀមរាប។ បុរសជនជាតិ ជប៉ុនទាំង២នាក់នេះបានធ្វើសម្មភាពអារកសម្លាប់ ជនរងគ្រោះ ឈ្មោះហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីប្លន់យករថយន្តម៉ាក តូយ៉ូតាហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ ២AB-៥២១៨ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់បាន៕ ប្រាថ្នា